កំពងស្ពឺ ៖ មន្រ្ដីពន្ធនាគារ២រូបនៅក្នុងអង្គភាពពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានទម្លាយឲ្យដឹងថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលបានទិញទូរស័ព្ទឲ្យទណ្ឌិតប្រើប្រាស់សម្រាប់តេទៅក្រុមគ្រួសារ ដើម្បីសុំលុយ ឬដើម្បីតេទៅទិញគ្រឿងញៀនយកមប្រើប្រាស់ជាដើម។
ប្រភពពីបុគ្គលិកដែលធ្វើការនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺបានឲ្យដឹងថា មន្រ្ដីអនុរក្សពន្ធនាគារ២រូប គឺលោក ដោក សារឿន មុខងារប្រធានការិយាល័យប្រតិបត្តិ និងលោកចាន់ វន ប្រធានផ្នែក អប់រំកែប្រែស្តារនិតិសប្បទា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងពន្ធនាគារជាយូរមកហើយ ប៉ុន្តែត្រូវបានបិទបាំង ទើបតែប៉ុន្មានថ្ងៃមុននេះ ប្រធានពន្ធនាគារ បានដាក់បញ្ជាឲ្យមន្រ្ដីអនុរក្សដើប្រមូលយកខ្នើយ មុង និងភួយរបស់អ្នកទោសមកឆែកឆេរមើល ក៏បានរកឃើញទូរស័ព្ទដៃចំនួន៤០គ្រឿង ដែលអ្នកទោសបានប្រើប្រាស់ក្នុងពន្ធនាគារ សម្រាប់ទាក់ទងទៅក្រុមគ្រួសារ ដើម្បីសុំលុយចាយ ឬដើម្បីទិញគ្រឿងញៀនមកប្រើប្រាស់។
ប្រភពដដែលបានបន្តថា ក្រោយពេលដែលបានរកឃើញភាពមិនប្រក្រតីដូច្នេះ ប្រធានពន្ធនាគារ ក៏បានហៅអ្នកទោសមួយចំនួនមកសាកសួរ ទើបពួកគាត់ឆ្លើយថា ទូរស័ព្ទ៨គ្រឿង ដែលពួកគាត់បានប្រើប្រាស់ គឺលោកចាន់ វន ជាអ្នកទិញឲ្យពួកគាត់ប្រើក្នុងមួយគ្រឿងតម្លៃពី៧០ដុល្លារ ទៅ១០០ដុល្លារ ដែលគាត់បានទិញពីផ្សារក្នុងតម្លៃតែ២០-៣០ដុល្លារប៉ុណ្ណោះ។ ចំណែកឯជាង៣០គ្រឿងទៀត គឺលោកដោក សារឿន ជាអ្នកទិញឲ្យទាំងអស់។ រីឯការប្រើប្រាស់គ្រឿងញៀនវិញ ក៏លោកដោក សារឿន ជាអ្នកលក់ឲ្យពួកគេប្រើប្រាស់ដែរ។
ក្រៅពីបញ្ហាមិនប្រក្រតីជាមួយអ្នកទោស ក៏មានប្រភពមួយចំនួនបានលើកឡើងពីអំពើពុករលួយដែលមន្រ្ដីអនុរក្សទាំង២នាក់នោះបានប្រព្រឹត្តដែរថា តាំងពីខែកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០១៥នេះ លុយប្រអប់ខ្មៅ ដែលទុកសម្រាប់ចែកមន្រ្ដីដែលធ្វើការនៅក្នុងអង្គភាពរាល់ចុងខែ ក៏បាត់មិនដែលឃើញដែរ ដែលប្រាក់នេះ កន្លងមកលោកដោក សារឿន ជាអ្នកគ្រប់គ្រងចាត់ចែង។
លោកឧត្តមសេនីយ៍ត្រី កាក់ សាវ៉ុន ប្រធានព័ន្ធនាគាខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៥ បញ្ហាអ្នកទោសលួចប្រើទូរស័ព្ទក្នុងពន្ធនាគាធ្លាប់កន្លងមកធ្លាប់មានមែន ហើយរាល់កំលាំងមន្ត្រីរបស់លោកមានការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ព្រោះពេលកន្លងទៅធ្លាប់មានយកគ្រឿងញៀនចូល ប៉ុន្តែត្រូវចាប់បានផង ៕