ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្តបើកបរក្នុងល្បឿនលឿន ទិសដៅផ្ទុយគ្នា បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យនារីម្នាក់ប៉ើងបោកនឹងទ្រូងផ្លូវស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១ ភូមិតាប៉ុន ឃុំ តាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញបងប្អូនស្រី២នាក់ ធ្វើដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ក្នុងល្បឿនយ៉ាងលឿន ។ លុះធ្វើដំណើរមកដល់ត្រង់ចំណុចក្រុមទី១ ភូមិតាប៉ុន ឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង ក៏ស្រាប់តែបានបុកគ្នាជាមួយ នឹងរថយន្តមួយគ្រឿង ម៉ាកកាមរី ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J-0103 បើកបរក្នុងល្បឿនយ៉ាងលឿនដូចគ្នា ទិសដៅផ្ទុយគ្នា បាន បុកគ្នាពេញទំហឹង បណ្តាលឲ្យនារី២នាក់បងប្អូនប៉ើងបោកទៅលើទ្រូងផ្លូវ ដោយម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ធ្ងន់ ។
លោក ជា វណ្ឌី អធិការរងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ទទួលបន្ទុកសណ្តាប់ធ្នាប់បានបញ្ជាក់ថា អ្នកស្លាប់មានឈ្មោះ ទី សម្ភស្ស ភេទស្រី អាយុ១៩ឆ្នាំ និងម្នាក់ទៀតដែលរងរបួសធ្ងន់ មានឈ្មោះ ទី ម៉ាល ភេទស្រី អាយុ២១ឆ្នាំ ។ អ្នកទាំងពីររស់នៅភូមិសម្តេចឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាន ។ រង់ចាំប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តជាអ្នកចាត់ការបន្តតាមផ្លូវច្បាប់ ៕ ជាយក្រុង