ខេត្តរតនគិរី៖ បុរសចំណាស់អាយុ៦២ឆ្នាំ ម្នាក់សម្រេចជីវិតខ្លួនឯងដោយធ្វើអត្តឃាតចងកនិងខ្សែអង្រឹងជាប់ធ្នឹមខ្ទមចំការស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូនអោយកណ្តោចកណ្តែង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៥ នៅត្រង់ចំណុចចំការស្វាយចន្ទីមួយកន្លែង(ហៅអូរកាទឹង) ស្ថិតក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។
បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាបុរសដែលធ្វើអត្តឃាតខ្លួនឯងត្រូវបានស្គាល់ឈ្មោះ វឹង ផាន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិទំពួន មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើនិងមានប្រពន្ធកូនស្រីចំនួនពីរនាក់រស់នៅក្នុងបន្ទុក។ ប្រភពបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ ព្យាបាលមិនចេះជាសះស្បើយអស់រយៈពេលជាយូរឆ្នាំមកហើយ ធ្វើអោយរូបគេអស់សង្ឃឹមជាខ្លាំងម្យ៉ាងទៀតកត្តាជីវភាពប្រចាំថ្ងៃជួបការលំបាកទីទាលក្រថែមទៀត បណ្តាលអោយជនរងគ្រោះសម្រេចចិត្តជ្រើសរើសយកផ្លូវនេះតែម្តង ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់យក្ខឡោមបានចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច្ឆ័យជនរងគ្រោះពិតជាធ្វើអត្តឃាតចងកប្រាកដមែន។ សាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ៕
ដោយ៖ អ៊ុច សាវុទ្ធ