ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យកូនចុង ដែលបានបាញ់ឪពុកចុង ឱ្យរងរបួសធ្ងន់ ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូន ទៅតុលាការអមសាលាដំបូង ខេត្តឧត្តរមានជ័យ នាល្ងាចម៉ោង៤ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ជនសង្ស័យ ត្រូវបានកម្លាំងចម្រុះ ឃាត់ខ្លួនបានប្រគល់មកឱ្យ សមត្ថកិច្ចកសាងសំណុំរឿង។
លោកវរសេនីយ៍ទោ គង់ ដារា មេបញ្ជាកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះថា ជនសង្ស័យជាកូនចុងដែលបាញ់ឪពុកចុងខ្លួនឯង មានឈ្មោះ ឈឿន ធារ័ត្ន ហៅជឿន ភេទប្រុសអាយុ ២៤ឆ្នាំ មានទីលំនៅភូមិខ្នងទួល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយត្រូវបានកម្លាំងយោធា ផ្នែកសឹករងស្រុកត្រពាំងប្រាសាទ និងកម្លាំងប្រជាការពារឃុំអូរស្វាយ ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង ៩ ថ្ងៃទី១៤ ខែមិនា ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ហើយបានប្រគល់មកឱ្យកម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួរបញ្ជាក់ថា ជនសង្ស័យជាកូនចុងឈ្មោះ ឈឿន ធារ័ត្ន ហៅជឿន បានយកកាំភ្លើងឆ្នុកដូងប្រភេទច្នៃ បាញ់ចំនួន ១គ្រាប់ ទៅលើឪពុកចុង ឈ្មោះ តង សឿន អាយុ៤១ឆ្នាំ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចពើយយួនលើខ្នងភ្នំដងរែក ក្នុងភូមិទំនប់ថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវគ្រាប់ ចំពីត្រចៀកខាងឆ្វេង ធ្លាយមកក្រោមភ្នែកខាងស្តាំ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយរហូតដល់ថ្ងៃទី១៤ ខែមិនា តាមសេចក្តីរាយការណ៍ពីសាច់ញាតិ ជនរងគ្រោះបានធូរស្រាលឡើងវិញហើយ។
យោងតាមចំលើយសារភាព ពីជនសង្ស័យជាកូនចុងឈ្មោះ ឈឿន ធារ័ត្ន ហៅជឿន ថាខ្លួនពិតជាបានបាញ់ឪពុកចុងរបស់ខ្លួន ពិតប្រាកដ ដោយសារតែរឿងគំណុំ ទាស់ពាក្យសំដីគ្នាបន្តិចបន្តួចប៉ុណ្ណោះ ៕ ប៉ែន នួន