នាយឧត្តមសេនីយ៍ គន់ គីម៖ ក្រៅពីភារកិច្ចក្នុងការការពារបូរណភាពដែនដីពីខ្មាំងសត្រូវឈ្លានពានហើយនោះ កងទ័ពក៏មានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋផងដែរ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ក្រៅពីភារកិច្ចក្នុងការការពារបូរណភាពដែនដីពីខ្មាំងសត្រូវឈ្លានពានហើយនោះ កងទ័ពក៏មានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋផងដែរ។ ក្នុងន័យនេះ កងទ័ពត្រូវតែចុះជួយប្រជាពលរដ្ឋរាល់ពេលពួកគាត់ជួបទុក្ខ ឬគ្រោះអាសន្នផ្សេងៗ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូច្នេះ ក្នុងពេលចុះសាកសួរសុខទុក្ខ នាយទាហាន ពលទាហាននៅវរសេនាតូចលេខ៤១៣ ចំណុះកងពលតូចថ្មើរជើងលេខ៤១ ក្នុងខេត្តឧត្តរមានជ័យនាពេលថ្មីៗនេះ។

«កងទ័ពត្រូវគោរពវិន័យ គោរពច្បាប់របស់រដ្ឋ សាមគ្គី ឯកភាពផ្ទៃក្នុងអង្គភាព ប្តេជ្ញាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម កងទ័ពជាកូនចៅប្រជាជន។ ហេតុនេះ ត្រូវបន្តជួយប្រជាជន ជាពិសេសអ្នកដែលមានជីវភាពលំបាក និងពេលពួកគាត់ជួបគ្រោះមហន្តរាយផ្សេងៗ»។ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់បន្ថែម។

ក្នុងឋានៈជាប្រធានគណៈពង្រឹងការងារនៅក្នុងខេត្តឧត្តរមានជ័យ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គេតែងបានឃើញ នាយឧត្តមសេនីយ៍ គន់ គីម តែងបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងចុះដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជាក្រុមគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន ដែលទីទ័លក្រផងដែរ។

ផ្ទះជាច្រើនខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម បានចុះទៅសាងសង់ និងប្រគល់ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជនជាបន្តបន្ទាប់។

ជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០១៧ ផ្ទះមួយចំនួនត្រូវបានសាងសង់រួចរាល់ និងមួយចំនួនកំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនក្នុងខេត្តឧត្តរមានជ័យ ដែលបានមានជីវភាពទីទ័លលំបាក និងបានជួបគ្រោះអគ្គិភ័យ៕ ហេង សូរិយា

...

kunkim (1) kunkim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print