ភ្នំពេញ៖ កីឡាករកាយវប្បកម្ម តឹក ប៊ុនវី ដែលគេស្គាល់ថាជាកីឡាករកាយ វប្បកម្ម ឬហៅថា កីឡាករសាច់ដុំជាប់ ចំណាត់លេខ១នៅកម្ពុជា និងជាកីឡាករឆ្នើមមួយរូបដែលធ្លាប់នាំយកមេដាយជាច្រើនគ្រឿងពីការប្រកួតពិភពលោកមកឲ្យកម្ពុជានោះ បច្ចុប្បន្ននេះបានកំពុងហ្វឹកហាត់បំពាក់បំប៉នសមត្ថភាពរបស់ខ្លួនត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយ វប្បកម្មពិភពលោក (World BODYBUILDIN) នៅប្រទេសម៉ុងហ្គោលនាអំឡុងខែ តុលា ឆ្នាំ២០១៧ខាងមុខនេះ ។
កីឡាករកាយវប្បកម្ម តឹក ប៊ុនវី បាន បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសាច់ដុំពិភពលោកនេះ លោកធ្លាប់ចូលរួមប្រកួតម្តងរួចមកហើយកាលពីឆ្នាំ២០១៦ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ក្នុង ចំណោម៤៩ប្រទេស។ កីឡាកររូបនេះ បន្តថា សម្រាប់ការប្រកួតនៅប្រទេសម៉ុងហ្គោលីនាអំឡុងខែតុលាខាងមុខនេះ លោកប្រកួតក្នុងប្រភេទទម្ងន់៧០ដល់៨០គីឡូក្រាមដោយមានប្រទេសចូលរួមប្រកួតប្រមាណ៥៩ប្រទេសនៅលើពិភពលោក។
ការប្រកួតនេះមិនមែនដូចជាការប្រកួតកីឡាប្រដាល់នោះទេពោលគឺប្រកួតសម្តែងយករាងនិងសាច់ដុំស្អាតដោយមិនមានការប្រយុទ្ធគ្នានោះឡើយ។ពាក់ព័ន្ធនឹងការត្រៀមទៅប្រកួតនេះ តឹក ប៊ុនវី បានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់បំផុតហើយរូបលោករំពឹងថា ការចេញទៅលើកនេះលោកនឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ ។
គួរបញ្ជាក់ថា កីឡាករកាយវប្បកម្ម តឹក ប៊ុនវី គឺជាកីឡាករជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា ហើយធ្លាប់ដណ្តើមបានមេដាយសំរឹទិ្ធចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ ២០១៤, ការប្រកួត កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០១៥ដណ្តើមបានមេដាយមាសនិងនៅឆ្នាំ២០១៦ដណ្តើមបាន មេដាយសំរិទ្ធ ការប្រកួតកាយវប្បកម្មពិភពលោក ៕ សារីម











