ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ថៃដ៏ល្បីគឺទូរទស្សន៍TNN 24h បានធ្វើការប្រកាសចេញមុខជួយកែទម្រង់ការផ្សាយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅកម្ពុជាឲ្យកាន់តែប្រសើរ និងស្ថិតក្នុងការប្រកួតប្រជែងខ្ពស់មួយនៅកម្ពុជា។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងវេទិកាសន្និសីទពីការចុះអនុស្សារណៈមួយនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ក្រោមវត្តមានមន្ត្រីក្រសួងការពារជាតិ និងតំណាងភាគគីនៃស្ថានីយទូរទស្សន៍ទាំងពីរ។
ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នឹងត្រូវបានធ្វើការកែទម្រង់កម្មវិធីរបស់ខ្លួន តាមរយៈការចុះអនុស្សារណៈផ្លូវការជាមួយទូទស្សន៍ល្បីរបស់ថៃឈ្មោះ TNN 24hខាងលើនេះ។ ផ្អែកតាមMOU នេះ ប៉ុស្ដិ៍លេខ៥នឹងត្រូវបានដាក់បញ្ចូលកម្មវិធីថ្មីជាច្រើនដោយក្រៅពីកម្មវិធីកម្សាន្ត ក៏នឹងធ្វើឲ្យក្លាយជាប៉ុស្ដិ៍ដែលមានព័ត៌មានប្រកួតប្រជែង ដោយមានកម្មវិធីវប្បធម៌ កីឡា និងកម្មវិធីស្រាវជ្រាវផ្សេងទៀតដែលជាប្រយោជន៍ដល់អ្នកទស្សនានៅកម្ពុជា។
លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គនាយកប៉ុស្ដិ៍លេខ៥ បានថ្លែងក្នុងពិធីចុះហត្ថលេខាទ្វេរភាគីនោះថា ក្រៅពីកម្មវិធីកម្សាន្ត ប៉ុស្ដិ៍លេខ៥សម្រេចចិត្តកែទម្រង់ឲ្យក្លាយជាប៉ុស្ដិ៍ព័ត៌មានឈានមុខគេមួយ ដោយមានទាំងការផលិតកម្មវិធីកីឡា កម្មវិធីអប់រំ និងកម្មវិធីវប្បធម៌ល្អៗផងបម្រើឲ្យជនជាតិកម្ពុជា ទើបប៉ុស្ដិ៍លេខ៥សម្រេចចិត្តចាប់ដៃរយៈពេល២ឆ្នាំជាមួយទូរទស្សន៍TNN របស់ថៃដែលជាប៉ុស្ដិ៍ល្បីឈ្មោះខាងផលិតកម្មវិធីព័ត៌មាន ផលិតកម្មវិធីកីឡា ផលិតកម្មវប្បធម៌អប់រំនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញ លោកបដិសេធថា ប៉ុស្ដិ៍លេខ៥មិនយកកម្មវិធីទាំងស្រុងរបស់ទូរទស្សន៍ TNN មកផ្សាយក្រោយ MOU នេះទេ គឺគ្រាន់តែតម្រូវឲ្យក្រុមការងារប៉ុស្ដិ៍ TNN ជួយផលិតកម្មវិធីព័ត៌មាន កម្មវិធីកីឡា កម្មវិធីវប្បធម៌ និងកម្មវិធីអប់រំ ឲ្យប៉ុស្ដិ៍លេខ៥ ដើម្បីបម្រើឲ្យសង្គមកម្ពុជាប៉ុណ្ណោះ។
អ្នកគ្រប់គ្រងទូទៅប្រចាំប៉ុស្ដិ៍លេខ៥លោក Supachai Verapuchong បានអះអាងថា ស្ថាប័នរបស់លោក MOU រយ:ពេល២ឆ្នាំជាមួយប៉ុស្ដិ៍ TNN របស់ថៃ ក្នុងគោលបំណងធ្វើឲ្យប៉ុស្ដិ៍លេខ៥ប្រែក្លាយពីប៉ុស្ដិ៍ដែលមានតែកម្មវិធីរឿងភាគខ្មែរ និងថៃ ឲ្យក្លាយជាប៉ុស្ដិ៍ព័ត៌មាន ជាប៉ុស្ដិ៍មានកម្មវិធីកីឡា កម្មវិធីវប្បធម៌ និងកម្មវិធីអប់រំល្អៗ ដែលនិយាយពីសង្គមកម្ពុជា ហើយមានប្រយោជន៍ដល់អ្នកទស្សនា។ ក្នុងនោះក៏គ្រោងទិញកម្មវិធីល្អៗពីបរទេស មកផលិតសម្រាប់ប៉ុស្ដិ៍ដូចគ្នានិងប៉ុស្ដិ៍ផ្សេងទៀត ទិញកម្មវិធី Cambodian Idol ឬ The Voice យកមកផលិតនៅក្នុងស្រុកដូច្នេះដែរ។ លោកថា ក្រោយចាប់ដៃជាមួយTNN ប៉ុស្ដិ៍លេខ៥នឹងចាប់ដៃជាមួយប៉ុស្ដិ៍ខ្លាំងៗផ្សេងទៀតរបស់ថៃ ដើម្បីផលិតកម្មវិធីល្អៗជូនទស្សនិកជនទស្សនា៕ វឌ្ឍនា
















