ខេត្តឧត្តរមានជ័យ ៖ គ្រោះធម្មជាតិបានកើតឡើងនៅថ្ងៃទី១៣និងថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៧ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ៨៧ខ្នង នៅខេត្តព្រះវិហារ៧១ខ្នង នៅ ខេត្តឧត្តរមានជ័យ៤ខ្នង និងខេត្តប៉ៃលិន ចំនួន១២ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយ បំផ្លាញ បណ្តាលឲ្យរងការខូច ខាត ប៉ុន្តែមិនទាន់ពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ។
លោក ជា គឹមសេង អភិបាលស្រុក ជាំក្សាន្តបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន៧១ខ្នងបានរងការខូចខាតដោយ សារខ្យល់កន្រ្តាក់ (ភ្លៀងលាយឡំជា មួយខ្យល់) ស្ថិតនៅ៣ ឃុំរួមមាន ឃុំ ជាំក្សាន្ត ឃុំមរកត និងឃុំទឹកក្រហម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ។
ដោយឡែកខេត្តឧត្តរមានជ័យ នៅយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ មានករណី ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល និងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ។
ខេត្តប៉ៃលិនព្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មានភ្លៀងកក់ខែ១មេ លាយឡំនិងខ្យល់កន្ត្រាក់របើកដំបូលផ្ទះប្រជាពលរដ្ឋ១២ខ្នង (ខូច ខាតធ្ងន់ចំនួន៣ខ្នង) ស្ថិតក្នុងភូមិភ្នំកុយចំនួន១២ខ្នង និងភូមិភ្នំស្ពង់ចំនួន១ខ្នង ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន ៕ ប៉ែន នួន











