ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ខណៈបើករថយន្តស៊េរីទំនើបម៉ាកកាមរីហាយប៊្រីតលឿនដូចហោះហើយ ដល់ចំណុចផ្លូវបំបែកជា៤ បានវ៉ាក់ជាមួយរថយន្តតូយ៉ូតាស្តារិចមួយគ្រឿងបើកកាត់ពីមុខហើយ ជាន់ហ្រ្វាំងមិនទាន់ ក៏បុកចំពាក់កណ្ដាលរថយន្តស្តារិច បណ្ដាលឲ្យអ្នកបើករថយន្តស្តារិច រងបួសចុកឆ្អល់ និងធ្វើឲ្យរថយន្តខូចខាតទាំងសងខាង ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចឬណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង១៥នាទី យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក កាមរីហាយប្រីត ពណ៌ប្រផេះ ពាក់ស្លាកលេខ នរគបាល 2-1572 បើកបរដោយមន្ត្រីនគរបាលមិនស្គាល់ឈ្មោះមួយរូបក្នុងល្បឿនយ៉ាងលឿនដូចហោះដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុង ទិសដៅពីជើងទៅត្បូង។ខណ:បើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបែកជាបួន រថយន្តនេះ បានវ៉ាក់ជាមួយរថយន្តតូយ៉ូតាស្តារិចមួយគ្រឿងបើកឆ្លងកាត់ពីមុខ ហើយមន្ត្រីនគរបាលជាន់ហ្វ្រាំងមិនទាន់ ក៏បុកចំពាក់កណ្ដាលរថយន្តស្តារិច ដែលកំពុងឆ្លងផ្លូវពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យអ្នកបើករថយន្តស្តារិចរងរបួសចុកឆ្អល់និយាយអី្វក៏មិនចេញ គ្រាដែលរថយន្តរបស់គាត់រងការខូចខាតខាងឆ្វេងទាំងស្រុង ឯរថយន្តមន្រី្តនគរបាលរងការខូចខាតផ្នែកខាងមុខទាំងស្រុងតែអ្នកបើកបរមិនបានរងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តស្តារិចបានទារសំណង៣០០០ដុល្លារ ប៉ុន្តែភាគីខាងរថយន្តបង្កមិនបានយល់ព្រមនោះទេ ក៏សម្រេចចិត្តឲ្យសមត្ថកិច្ចជំនាញវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំ សម្របសម្រួលដោះស្រាយគ្នាតាមក្រោយ ៕ ប្រាថ្នា











