ភ្នំពេញ: ជនសង្ស័យ២នាក់បានលួចម៉ូតូគេបានមយយគ្រឿង តែរំលងបាន១ថ្ងៃ ក៏ត្រូវបានម្ចាស់ម៉ូតូតាមទាន់ ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាកាលពីវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នេះ ទី១-មានឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារចាស់ ខណ្ឌដូនពេញ និងទី២-ឈ្មោះ ភួន សារិន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះមានឈ្មោះ ចាន់ ថារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលF២០៦ បណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់កៀនឃ្លាំង ខណ្ឌជ្រោយចង្វា ជាម្ចាស់ម៉ូតូម៉ាកនិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-1978។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ គាត់បានទុកម៉ូតូនៅមុខផ្ទះដោយមានការចាក់សោកត្រឹមត្រូវ តែក្រោយមក ស្រាប់តែមានជនសង្ស័យ ២នាក់នេះ បានមកធ្វើសកម្មភាពលួចកាច់សោកម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។ ក្រោយពីកើតហេតុ គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនស្ស័យ។លុះដល់ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ គាត់បានធ្វើដំណើរតាមផ្លូវនៅម្តុំផ្សារកណ្តាល ក៏បានប្រទះឃើញម៉ូតូរបស់គាត់ដែលជនសង្ស័យទាំង ២នាក់លួចកាច់សោកពួកគេកំពុងជិះធ្វើព្រងើយហើយក៏បានជិះតាមពីក្រោយតកកន្លែងសុវត្ថិភាពដើម្បីឲ្យគេជួយចាប់ជនសង្ស័យ។ ទីបំផុតពេលជិះម៉ូតូតាមដល់ចំណុច មុខវត្តស្រះចក ក៏បានជួបនឹងកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ស្រះចក គាត់ក៏បានស្រែកៗផ្អើលដល់សមត្ថកិច្ចតាមចាប់បានជនសង្ស័យទាំង ២នាក់តែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមកនគរបាលស្រះចកបានសួរគាត់ថា មានរឿងអ្វីកើតឡើងទើបគាត់ប្រាប់ថា ជនសង្ស័យទាំង ២នាក់នេះ បានលួចកាច់សោកម៉ូតូរបស់គាត់មួយគ្រឿងនេះនៅខណ្ឌជ្រោយចង្វា។បន្ទាប់នគរបាលប៉ុស្តិ៍ស្រះចក បានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌជ្រោយចង្វាឲ្យមកយកជនសង្ស័យទាំង ២នាក់ខាងលើទៅសាកសួរ និងកសាងសំណុំរឿងតាមផ្លូវច្បាប់៕ ប្រាថ្នា










