ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ឈឺពោះសម្រាលម្រាលកូន នៅក្នុងចម្ការស្វាយចន្ទី ខណៈធ្វើដំណើរមករកមណ្ឌលសុខភាព ដើម្បីឈឺពោះសម្រាលកូន តែមកមិនទាន់ ក៏បានសម្រាលនៅក្នុងចំការនោះតែម្តង ។ ករណីស្រ្តីសម្រាលកូននៅក្នុងចម្ការនេះបានកើតឡើងកាពីវេលាម៉ោងប្រមាណ ៥ ទៀបភ្លឺ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី។
បើតាមមន្រ្តីមន្ទីរសុខាភិបាល ខេត្តរតនគីរីឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកប្រធានមន្ទីរពេទ្យបង្អែក បរកែវ បានបញ្ជូនឆ្មប និងរថយន្តទៅជួយសង្គ្រោះដឹកបញ្ជូនស្ត្រី និងទារកមកថែទាំនៅក្នុងមន្ទីរពេទ្យបង្អែកបរកែវ។
មន្រ្តីដដែលបានបន្តថា ស្ថានភាពស្ត្រី និងទារក មានសុខភាពល្អធម្មតា ហើយកំពុងស្ថិតនៅក្រោម ការតាមដានសុខភាពពីក្រុមគ្រូពេទ្យ។ ស្ត្រីដែលសម្រាលកូនពាក់កណ្តាលផ្លូវនេះ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី ចំងាយពីចំការស្វាយចន្ទីនៃកន្លែងសម្រាល មកមន្ទីរពេទ្យបង្អែក ប្រហែល ៣៦ គីឡូម៉ែត្រ។
ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីលោក អ៊ុង រតនា បានឲ្យដឹងតាមទូរស័្ទនៅរសៀលថ្ងៃទី១៨ ខែមីនា ថា ស្រ្តីដែលសម្រាលកូនមុនដល់មូលដ្ឋានសុខាភិបាលនៅនឹងចម្ការស្វាយចន្ទីនោះមានឈ្មោះ ពុន ខន អាយុ៣៦ឆ្នាំ មានប្តីឈ្មោះ សិ រតនៈ អាយុ៣៧ឆ្នាំ មានស្រុកកំណើត និងទីលំនៅអចិន្រ្តៃយ៏ឯខេត្តត្បូងឃ្មុំ បច្ចុប្បន្នមកស្នាក់នៅធ្វើជាកម្មកររើសគ្រាប់ចន្ទីក្នុងភូមិឃុំកើតហេតុខាងលើ។
លោកបានបញ្ជាក់ថា ស្រ្តីដែលសម្រាលកូនមុនមកដល់មូលដ្ឋានសុខាភិបាលនេះ គឺជាការសម្រាលកូនលើកទី៤របស់គាត់ ហើយរហូតមកដល់រសៀលថ្ងៃដដែលនេះ ទាំងម្តាយ និងទារកមានសុខភាពល្អ ដោយមានការថែទាំពីក្រុមគ្រូពេទ្យជំនាញនៅមូលដ្ឋានសុខាភិបាលស្រុកបកែវ។
លោកបានបន្ថែមថា ស្រ្តី និងក្រុមគ្រួសារខាងលើនេះ ជាគ្រួសារក្រីក្រមួយមកសុីឈ្នួលបេះ និងរើសគ្រាប់ស្វាយចន្ទីនៅភូមិ-ឃុំលុងឃុង ហើយនៅមុនពេលកើតហេតុគ្រាដែលគាត់(ស្រ្តីរងគ្រោះ) ឈឺពោះសម្រាលកូនប្តីក៏បានជូនដំណើរមកកាន់មូលដ្ឋានសុខាភិបាល ប៉ុន្តែមកមិនទាន់ដល់ផងក៏សម្រាលកូននៅនឹងសម្ការស្វាយចន្ទីតែម្តង។ បន្ទាប់ពីបានទទួលព័ត៌មាននេះលោក និងក្រុមគ្រូពេទ្យជំនាញបានចេញរថយន្តសង្គ្រោះទៅដឹកស្រ្តីរងគ្រោះ និងទារកមកកាន់មណ្ឌលសុខភាពស្រុកបន្តការព្យាបាល និងតាមអាការៈក្រោយពីការសម្រាលកូនរួច។
គួររំលឹកថា នេះមិនមែនជាលើកទី១ទេដែលស្រ្តីមួយចំនួនបានសម្រាលកូននៅតាមផ្លូវមុនមកដល់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព តែត្រូវបានក្រុមគ្រូពេទ្យចុះទៅជួយសង្គ្រោះបានទាន់ពេលវេលាដោយពុំមានស្រ្តីណាម្នាក់មានគ្រោះដល់អាយុជីវិតនោះទេ រាប់ទាំងទារកនឹងទារិកានោះផង៕ លី ហ៊ាង











