ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិសាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសហការបង្រ្កាបបទល្មើសនេសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ជំនួសមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទពោធិសាត់ ខណៈបទល្មើសទាំងនេះកើតឡើងដោយសារតែមន្រ្តីរដ្ឋបាលជលផលមួយចំនួនជាអ្នកបើកដៃ។
ប្រតិបត្តិការខាងលើធ្វើឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង និងភូមិត្រពាំងរុំដេញ ឃុំក្បាលត្រាច ព្រមទាំងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កម្លាំងចុះបង្ក្រាបបានឲ្យដឹងថា ក្នុងពេលចុះបង្រ្កាបពីខាងលើសមត្ថកិច្ចរកឃើញរបាំងសាច់អួន៥ខ្សែ មានប្រវែង១៥០០ម៉ែត្រ ក្បាល (ប)ចំនួន៩គ្រឿងរបាំងស្បៃមុងចំនួន ២៣ខ្សែ មានប្រវែង៦១០០ម៉ែត្រ បង្គោលចំនួន ៣៣០៩ដើម លូកងស្បៃមុងចំនួន ៤៣មាត់ ក្បាល (ប)ចំនួន ៣១គ្រឿង ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិចំនួន ៤៦៨គីឡូក្រាម។
មន្រ្តីដដែលបន្តថាឧបករណ៍បទល្មើសនេសាទខុសច្បាប់ស្តីពីជលផលទាំងនេះ ត្រូវបាន បំផ្លាញចោលនៅនិងកន្លែងក្រោយបង្ក្រាប ៕ ប៉ឹម ពិន












