ភ្នំពេញ៖ ពិធីការិនីនិង តារាសម្ដែងអ្នកនាងឈិត សុជាតា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាស្រីរូបនេះបង្ហាញមុខមាត់កូនប្រុសស្រីភ្លោះពីរនាក់គួរឲ្យស្រលាញ់ទាំងនាងមិនដែលបានឆ្លងកាត់ការរៀបការណាមួយនៅឡើយ។ ដំណឹងចុងក្រោយដែលត្រូវបានលេចចេញពីមាត់មួយទៅមាត់មួយក្នុងចង្កោមអ្នកសិល្បៈថា កូនដែលនាងបានបង្កើតនោះមិនមែនជាជាតំណក់ឈាមរួមគ្នារវាងនាងនិងស្វាមីនោះទេគឺជាកូនដែលកើតចេញពីការចាក់បញ្ចូលអ័រម៉ូនដែលត្រូវបានធ្វើឡើងនៅប្រទេសថៃ។
ដំណឹងនៃការការបង្កើតកូនភ្លោះទាំងមិនបង្ហាញមុខស្វាមីបានធ្វើឲ្យមានលេចចេញការភ្ញាក់ផ្អើលខ្លាំង គ្រាដែលនាងឈិត សុជាតាទទួលបានការកោតសសើរជាងការរិះគន់។ កោតសសើរព្រោះតែនាងហ៊ាន បង្ហាញមុខកូនប្រុសស្រីបណ្តូលចិត្តទាំងមិនដែលឲ្យទស្សនិកជនបានឃើញស្វាមីម្តងណានៅឡើយ ហើយអ្វីដែលគេកោតសសើរនាងគឺចង់បង្ហាញឲ្យមហាជនដឹងថាក្នុងនាមជាម្តាយនាងមានទំនួលខុសត្រូវនិងសុខចិត្តទទួលស្គាល់កូន។ ទោះជាយ៉ាងណាដំណឹងខ្សឹបខ្សៀវថាកូនប្រុសស្រីភ្លោះដែលមានវ័យមិនទាន់បានមួយខួបនេះគឺជាកូនប្រុសដែលនាងសម្រេចចិត្តជ្រើសរើសវិធីចាក់បញ្ចូលអ័រមូនបង្កកំណើតប៉ុណ្ណោះ។ ប្រភពបញ្ជាក់ថា ស្វាមី របស់ឈិត សុជាតាដែលមិនបានចេញមុខនោះគឺមិនមានលទ្ធភាពក្នុងការបង្កកំណើតបានទើបពួកគេជ្រើសរើសយកផ្លូវប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះឡើង ហើយត្រូវបានធ្វើឡើងនៅប្រទេសថៃ។ ប្រភពបន្តថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះនាងចេញចូលប្រទេសថៃញឹកញាប់ហើយបានផ្អាកការងារសិល្បៈចោល និងសម្ងំបង្កកំណើតកូនភ្លោះខាងលើ។ កូនភ្លោះទាំង២របស់នាងត្រូវ បានចិញ្ចឹមក្នុងកែវតាំងពីអាយុ៦ខែ ដោយទើបនឹងបានយកចេញពីពេទ្យ ថ្មីៗនេះ។
កូនប្រុសច្បងរបស់អ្នកនាងបានដាក់ឈ្មោះថា មេសា មហាសម្បត្តិ ហៅBoy និងកូនស្រីភ្លោះគឺឈ្មោះ មេសា ដានីតា ហៅ Apple ។ ប្រភពបន្តថាឈិត សុជាតានិងស្វាមីបានស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ ហើយស្វាមីនាងគឺជាមន្ត្រីរាជការនិងជាអ្នកជំនួញដែលនៅពីក្រោយការបើកជំនួញទេសចរណ៍ដ៏ធំនៅបណ្តោយផ្លូវកម្ពុជាក្រោម។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង ឈិត សុជាតាបាននៅឡើយទេ។
គួរបញ្ជាក់ដែរថា តារាសម្តែង និងពិធីការិនី ឈិត សុជាតា បានបន្ថយការងារសិល្បៈជាបន្តបន្ទាប់ក្រោយពីនាងចេញមុខបើកមុខជំនួញផ្នែកសេវាកម្មទេសចរណ៍អស់រយៈពេលជិត១០ឆ្នាំមកហើយ។ តារាស្រីរូបនេះក៏ធ្លាប់លេចចេញពាក្យចចាមអារ៉ាមថាធ្លាប់ឆ្លងកាត់ការរៀបការម្តងរួចមកហើយដែរគ្រាដែលនាងរស់នៅលើទឹកដីនៃខេត្តតាកែវ៕ វឌ្ឍនា