សំណង់ខុសច្បាប់មួយកន្លែងត្រូវបានអាជ្ញារធរសង្កាត់​ខណ្ឌចុះហាមឃាត់៣ដង តែគ្មានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ អគារសំណង់ខុសច្បាប់មួយកន្លែងដែលមានទីតាំងស្ថិតនៅជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវចូលភូមិគ្រឹះវ៉ូហ្គោ១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរំលោភយកផ្លូវសាធារណៈ និងដីរបស់ប្រជាពលរដ្ឋ ហើយត្រូវបានអាជ្ញាធរ ចុះទៅហាមឃាត់ចំនួន៣ដងមកហើយ តែម្ចាស់សំណង់នៅបន្តសាងសង់ដដែលទាំងបំពានច្បាប់។

ទីតាំងសង់សំណង់ជាប្រភេទផ្ទះល្វែងខាងលើនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារម្ចាស់សំណង់សង់រំលោភនោះ បានសុំអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌផងដែរ ប៉ុន្តែពាក្យបណ្តឹងប្រៀបដូចក្រដាសជូតមាត់យ៉ាងដូច្នេះ ដោយសារតែដំណោះស្រាយមិនមានលទ្ធផលនោះទេ តាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ។

សម្រាប់សំណង់មួយនេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន និងមន្រ្តីភូមិបាលខណ្ឌដែលមានជំនាញខាងសំណង់នោះ ក៏បានប្រាប់ថា គ្មានច្បាប់អនុញ្ញាតដែរពោលដំណើរការសាងសង់ទាំងបំពានតែម្តង។

សំណង់អគារមួយកន្លែង ដែលសាងសង់ គ្មានច្បាប់អនុញាតពីសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ បាននិងកំពុងលួចសង់យ៉ាងគគ្រឹកគគ្រេងត្រូវបានអាជ្ញាធរ សង្កាត់-ខណ្ឌចុះធ្វើការផ្អាកចំនួន៣ដងរួចមកហើយ តែហាក់បីដូចជាគ្មានប្រសិទ្ធភាពនោះឡើយ។ ម្ចាស់សំណង់អគារនោះនៅតែបន្តសាងសង់ដោយគ្មានញញើតញញើមចំពោះការហាមឃាត់របស់ អាជ្ញាធរសូម្បីតែបន្តិចសោះឡើយ ព្រមទាំងបង្កទំនាស់ និងរំលោភបំពានយកព្រំដីអ្នកជិតខាងបន្ថែមទៀត»។

ប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងថា បើសិនអាជ្ញាធរខណ្ឌគ្មានលទ្ធភាពចុះទប់ស្កាត់សំណង់ខុសច្បាប់មួយនេះ ចឹងមានតែឲ្យម្ចាស់សំណង់ទៅធ្វើអាជ្ញាធរវិញទៅទើបត្រឹមត្រូវ។ បើតាមមន្រ្តីភូមិបាលខណ្ឌពោធិ៍សែនជ័យ ម្ចាស់សំណង់មានឈ្មោះ សុក អាន។

ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចាត់វិធានការសំណង់ខុសច្បាប់មួយនេះឲ្យមានប្រសិទ្ធភាព មិនគួរណាទុកឲ្យសង់រំលោភដីរបស់រដ្ឋ និងដីអ្នកជិតខាងបែបនេះឡើយ បើដូច្នេះមែនច្បាប់គ្មានប្រសិទ្ធភាពសម្រាប់អ្នកអនុវត្តនោះទេ។ ជនរងគ្រោះថា បើខណ្ឌគ្មានលទ្ធភាពដោះស្រាយទេ លោកនឹងប្តឹងទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បន្តទៀតឲ្យជួយរកយុត្តិធម៌៕ សុខាសែនជ័យ

...

image2 image3 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print