ភ្នំពញ៖ លោកប៉ា សុជាតិវង្ស ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់មួយដើម្បីឈានទៅលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ រួមនិងហ្គេមស៊ីសងគ្រប់ប្រភេទផងដែរ ដោយសារតែវាជាដើមចមបណ្តាលឲ្យមានបទល្មើសគ្រប់ប្រភេទកើតឡើងក្នុងសង្គម ហើយជុំវិញវិធានការនេះលោក ប៉ា សុជាតិវង្សក៏បានដាក់ឱសានវាទ សម្រាប់សមត្ថកិច្ចប៉ូលីស និងប៉េអុឹមផងដែរ ក្នុងការរាយការណ៍ពីទីតាំងបនល្បែងស៊ីសងនិងហ្គេមគ្រប់ប្រភេទទាំងនោះ មុននឹងឈានដល់ការបង្ក្រាបឲ្យអស់ដល់ឬសគល់។
លោក ប៉ា សុជាតិវង្ស បានដាក់ចេញជាវិធានការក្តៅបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០១៧ ដោយមានការចូលរួមប្រជុំពីមន្ត្រីក្រោមឱវាទ កម្លាំងប្រដាប់អាវុធទាំង២ភេទ មន្ទីរពាក់ព័ន្ធនិងស្ថាប័ណតុលាការផងដែរ សំដៅធ្វើយ៉ាងអនុវត្តឲ្យបាននូវគោលនយោបាយទាំង៩ចំណុចរបស់ភូមិ-សង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយរដ្ឋាភិបាល។
លោកប៉ា សុជាតិវង្សបានមានប្រសាសន៍ថា កន្លងមកនេះលោកមិនធ្លាប់បានទទួលរាយការណ៍ពីសមត្ថកិច្ចប៉ូលីស និងប៉េអុឹមជុំវិញល្បែងស៊ីសង និងហ្គេមគ្រប់ប្រភេទនេះទេ ដោយថ្នាក់ក្រោមតែងនិយាយថា ហ្គេមជាល្បែងលេងកម្សាន្តមិនមែនជាប្រភេទល្បែងស៊ីសង ប៉ុន្តែជាក់ស្តែងសុទ្ធតែជាប្រភេទហ្គេមភ្នាល់ស៊ីសង ដូចល្បែងហ្គេមបាញ់ត្រីជាដើម។ជុំវិញបញ្ហានេះលោកទុកឲ្យសមត្ថកិច្ចប៉ូលីស និងប៉េអុឹមមួយសប្តាហ៍ ដើម្បីរាយការណ៍ពីល្បែងស៊ីសងនិងហ្គេមគ្រប់ប្រភេទ មុននឹងឈានដល់ការបង្ក្រាបឲ្យអស់ហ្គេមត្រូវបិទឲ្យអស់ ដោយសារហ្គេមទាំងនេះសុទ្ធតែជាល្បែងស៊ីសង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ កន្លែងហ្គេមទាំងនេះក៏ជាកន្លែងប្រមូលផ្តុំសេពនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មផងដែរ ។
លោកថា បើឆ្លើយថា មានក៏បានឆ្លើយថាអត់ក៏បាន រដ្ឋបាលរាជធានីនឹងចាត់ការភ្លាម សម្ដៅយ៉ាងណាត្រូវប្រើប្រាស់យុទ្ធនាការបង្ក្រាបឲ្យខានតែបាន។ ក្រៅពីនេះលោកក៏បានលើកឡើងពីការលួចទឹកនិងភ្លើងរបស់រដ្ឋលួចថែមទៀត ដែលធ្វើឲ្យរដ្ឋខាតបង់ច្រើន ។ជុំវិញបញ្ហាអគ្គិភ័យវិញយើងត្រូវតែរកដៃគូរឯកជនហើយដើម្បីគ្រប់គ្រង លើបង្ការទប់ស្កាត់កុំឲ្យអគ្គិភ័យកើតឡើង ដូចជាការបំពាក់បំពង់ពន្លត់អគ្គីភ័យតាមផ្ទះជាដើម៕ សំរិត
...