ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន១៥នាក់ដែល គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ត្រូវបានអគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ និងឃ្លាំងឈ្មោះតាំពេជ្រ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ និងឃាត់ខ្លួននាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចុះប្រតិបត្តិការពិនិត្យឃើញមានជនបរទេសចំនួន១៩នាក់ (ប្រុស)ជាជនជាតិវៀតណាមចំនួន១៥នាក់ ( គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ) និងជនជាតិថៃចំនួន៤នាក់ មានលិខិតឆ្លងដែន(៤ក្បាល) ប្រើប្រាស់ទិដ្ឋាការ (E) មានសុពលភាព គ្មានសៀវភៅការងារ (ទាំង៤នាក់)។
ក្រោយពីចុះពិនិត្យជាក់ស្តែងរួចជនបរទេសចំនួន១៥នាក់ ( ប្រុស) ជាជនជាតិវៀតណាម ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ
...