ភ្នំពេញ៖ ស្រ្តីម្នាក់បានរត់រកនគរបាលចោមចៅ ឲ្យជួយអន្តរាគមន៍ដោយបានចោទប្រកាន់ប្ដីថា សប្បាយភ្លើតភ្លើនទាក់ទងជាមួយស្រីក្រៅ និងវាយធ្វើបាបនាងញឹកញាប់ ចាប់តាំងពីនាងទើបតែសម្រាលកូនបានរយៈពេល១០ថ្ងៃ និងចោទនាងថាមានប្រុសសហាយថែមទៀត ដែលរហូតមកទល់ពេលនេះ មានរយៈពេល៣ខែហើយ ដោយទ្រាំងលែងបាននាងក៏ប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
បុរសជាប្ដីឈ្មោះ ហៀង គឹមផុង អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ និងស្រ្តីជាប្រពន្ធមិនបានប្រាប់ឈ្មោះឡើយ។
ស្រ្តីនោះបានរៀបរាប់ប្រាប់នគរបាលថា នាងត្រូវបានប្ដីធ្វើបាបខ្លាំងណាស់ ដោយប្តីបានបើកហាងផឹកស៊ី នៅម្ដុំវត្តជន្លុងម្លូរ ហើយបានមានស្នេហាលួចលាក់ ជាមួយស្រីបម្រើនៅក្នុងហាងនោះថែមទៀតផង ហើយនាងមិនបានទៅមើលហាងនោះឡើយ ព្រោះជាប់រវល់កូនតូចទៅណាមិនរួច ទើបមិនដឹង។ ប៉ុន្តែមានថ្ងៃមួយនាងបានទៅលេងហាង ស្រាប់តែបានឃើញប្ដីកំពុងឱបគ្នា នៅក្នុងបន្ទប់ជាមួយស្រីបម្រើការងារម្នាក់នោះ ហើយពេលនាងសួរនាំប្ដីបានប្រកែក និងប្រាប់ថាគ្រាន់តែប្រឡែងគ្នាលេងប៉ុណ្ណោះ ខណៈនោះបុរសជាប្ដីបានយកទូរស័ព្ទពីដៃនាងលុបលេខដែលមាននៅក្នុងនោះចោលនៅសល់តែ៣លេខប៉ុណ្ណោះ ព្រោះមិនចង់ឲ្យនាងខលសួរអ្នកដ៏ទៃពីរឿងគាត់ឡើយ។
ស្រ្តីខាងលើបានបន្តថា ក្រោយមកនាងក៏បានត្រឡប់ទៅផ្ទះវិញ ហើយនាងបានយកលេខមួយក្នុងចំណោម៣លេខដែលសល់ពីការលុបចោលនោះខលទៅ ហើយបានចូលលេខភ្ញៀវម្នាក់ ដែលឧស្សាហ៍ចូលទៅស៊ីផឹកនៅក្នុងហាងនោះញឹកញាប់។ ពេលដែលនាងខលចូលទៅ ម្ចាស់ទូរស័ព្ទនោះមិនបានដឹងថា នាងជាប្រពន្ធដើមនោះឡើយ គាត់ក៏បានប្រាប់នាងថា ថៅកែហាងនោះធ្លាប់ទៅច្រៀងខារ៉ាអូរខេជាមួយប្រពន្ធគាត់ និងស្រលាញ់ប្រពន្ធគាត់ខ្លាំងណាស់។ បន្ទាប់ពីបានដឹងរឿងនាងបានសួរប្ដី តែត្រូវប្ដីប្រកែកទៀត តែនាងក៏មិនមាត់កអ្វីដែរ ក្រោយមកដោយសារតែប្ដីមិនសូវគិតគូនាង នាងត្រូវការស្ពុងក៏បានខលទៅអ្នកស្គាល់គ្នាឲ្យជួយទិញថ្នាំស្ពុងឲ្យ ហើយក្រោយពេលបានថ្នាំស្ពុងនាងបានដោះសម្លៀកបំពាក់ស្ពុង ស្រាប់តែប្ដីទៅដល់ចោទប្រកាន់នាងថា កំពុងដេកចាំប្រុសនិងបានទាត់ធាក់នាងឥតមេត្តា។
ដោយសារតែមានអំពើហិង្សាបែបនេះទើបនាងរត់រកនគរបាលឲ្យជួយ ហើយនគរបាលបានហៅ អ្នកទាំងពីរទៅសាកសួរ និងធ្វើការអប់រំឈប់ឲ្យមានអំពើហិង្សាតទៅទៀត៕ សុខាសែនជ័យ
...