ភ្នំពេញ៖ អត្តពលិកនារីត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាត់ទុកជាគ្រាប់ពេជ្រដែលមិនទាន់ច្នៃ ដូច្នេះគ្រប់សហ ព័ន្ធកីឡាជាតិទាំងអស់គប្បីខិតខំបណ្តុះ បណ្តាលឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះឱកាសដែលដណ្តើមយកមេដាយជូនជាតិមានច្រើនទាំងថ្នាក់ជាតិនិងអន្តរជាតិ ។
នេះបើតាមការឲ្យដឹងរបស់លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មការស្ត្រីនិង កីឡាបានលើកឡើងក្នុងមហាសន្និបាត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
លោកស្រី ម៉ក់ វណ្ណស៊ីថា បានលើក ឡើងថា អត្តពលិកនារីប្រៀបបានដូចជាគ្រាប់ពេជ្រដែលមិនទាន់ច្នៃព្រោះនៅលើ ពិភពលោកនារីដែលមានឱកាសលេង កីឡាតិចបំផុត ដូច្នេះក្តីរំពឹងរបស់យើងទាំងអស់គ្នាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាថ្នាក់តំបន់ជាលើកដំបូងនេះ។
ការចាប់យកកីឡាការិនីថ្នាលសម្រាប់ការប្រកួតប្រជែងកីឡាស៊ីហ្គេមនាពេលដ៏ខ្លីខាងមុខនេះ គឺក្នុងគោលបំណងប្រមូលមេដាយឲ្យបានច្រើនបំផុតក្នុងនាមម្ចាស់ផ្ទះ ។ និយាយបែបនេះមិនមានន័យថា កីឡាករ គ្មានលទ្ធភាពដណ្តើមយកមេដាយជូនជាតិបាននោះទេកន្លងមកកីឡាករកម្ពុជាជាច្រើននាក់ ដូចជាកីឡាករប៉េតង់ សុខ ចាន់ មានធ្លាប់ដណ្តើមបានមេដាយមាសពិភព លោក កីឡាករ សែន រ៉ាឌី ផ្នែកវ៉ូវីណាម ក៏ធ្លាប់ដណ្តើមបានមេដាយមាសជូនជាតិ កម្រិតពិភពលោក។ ប៉ុន្តែបើគិតជាភាគរយ កីឡាការិនីមានឱកាសដណ្តើមយកមេដាយ មាសនៅលើឆាកអន្តរជាតិច្រើនជាងកីឡាករ ។
គួរបញ្ជាក់ថា មហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧ ដើម្បីពិនិត្យមើលការងាររបស់ខ្លួន ក៏ដូចជា ទទួលយកនូវសំណូមពរពីតំណាងសហព័ន្ធកីឡាជាតិនីមួយៗជុំវិញកិច្ចការរដ្ឋបាល និងការងារបច្ចេកទេស ៕ សារីម