ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ កំពុងឈប់ម៉ូតូរងចាំស្តុប បានសម្រេច តែត្រូវបានប្រជាពលរដ្ឋឃើញដេញចាប់វិញបានម្នាក់ឯម្នាក់ទៀត បានរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២១ ខែមីនាឆ្នាំ ២០១៧ នៅ ត្រង់ចំណុចផ្លូវលេខ១២៨ កែងនឹងផ្លូវលេខ២៦១ មុខហាងភីហ្សាខមភេនី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
នារីរងគ្រោះ មានឈ្មោះ សុខ ស្រីនាង អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្នាក់នៅភូមិត្រពាំង-សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័តមាន ពីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG 7604 ចេញពីផ្ទះ បំណងទៅរៀននៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។ ខណៈនាងកំពុងជិះម៉ូតូ តាមផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុច ផ្លូវលេខ២៦១ កែងផ្លូវលេខ១២៨ក៏ឈប់ម៉ូតូ រង់ចាំភ្លើងស្តុប។ ភ្លាមនោះស្រាប់តែមាន ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BN4437 តាមមកពីក្រោយខាងឆ្វេង ហើយបានលូកដៃ យកទូរសព្ទ័ដៃម៉ាកសាំសុង ហ្គាឡាក់ស៊ីណូត៣ ដែលទុកនៅក្នុងកន្លែង ដាក់សំភារះខាងមុខម៉ូតូ បានសម្រេចហើយបានជិះចេញទៅ។ ភ្លាមនោះនាងក៍បានជិះម៉ូតូដេញពីក្រោយ ហើយស្រែកថាចោរៗ រហូតដល់ចំណុចម្ដុំត្រឡោកបែក ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យទាំងពីរនាក់ បានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងដីឡូត៍មួយ ហើយក្នុងន៉ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់នោះ ត្រូវបានប្រជាពលរដ្ឋសហការ ជាមួយសមត្ថកិច្ចឃាត់ខ្លួនបាន។ដោយឡែកជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ដោយយកទូរសព្ទ័របស់នាងយកទៅជាមួយផង។
ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ឈ្មោះ យ៉េន សុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលឃាត់ខ្លួនបាននោះត្រូវបានបញ្ជូនខ្លួន យកទៅសាកសួរ នៅអធិការដ្ឋានខណ្ឌទួលគោក ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន មានឈ្មោះ រិន កំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាបន្តទៀត ៕ ប្រាថ្នា