ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា សហការជាមួយមជ្ឈមណ្ឌល កម្សាន្តណាហ្គាវើលបានប្រកាសជាផ្លូវការនូវពានរង្វាន់កីឡាករកម្ពុជាឆ្នើមលើកទី២ “Cambodia Sport Award 2016” ចំនួន៩ រង្វាន់ផ្សេងគ្នាក្នុងកម្មវិធីរាត្រីសមោសរនាថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ ណាហ្គាវើលក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ជាប្រធាន NOCC និងលោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើល ។
លោក Pern Chen នាយកប្រតិបត្តិក្រុម ហ៊ុនណាហ្គាវើលបានឲ្យដឹងថា អត្តពលិកកម្ពុជាគឺជាមោទនភាពកម្ពុជា និងជាគំរូ ដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ ហើយពានរង្វាន់ដែលទទួលស្គាល់ស្នាដៃអ្នក ដែលមានស្នាដៃឆ្នើមផ្នែកកីឡា ។
ចំពោះលទ្ធផលពានរង្វាន់កីឡាកម្ពុជា លើកទី២ ទាំង៩ពាន រួមមានពានកីឡាករឆ្នើមបានទៅម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកឆ្នាំ២០១៦ កីឡាករ សុខ ចាន់មានទទួលបានប្រាក់រង្វាន់២.៥០០ ដុល្លារ, ពានរង្វាន់កីឡាការិនី ឆ្នើមបានទៅម្ចាស់ មេដាយមាសអាស៊ីផ្នែកកីឡាតេក្វាន់ដូ កញ្ញា ស៊ន សៀវម៉ី ទទួលបានប្រាក់រង្វាន់ ២.៥០០ដុល្លារ, ពានរង្វាន់កីឡាករពិការ ឆ្នើមបានទៅលោក ជឹម ផាន់ ទទួលបាន ប្រាក់រង្វាន់១.៥០០ដុល្លារ, ពានកីឡាការិនីពិការឆ្នើមបានទៅកញ្ញា សៅ ធីតា ទទួល បានប្រាក់រង្វាន់១.៥០០ដុល្លារ ។
ចំណែកពានគ្រូបង្វឹកឆ្នើមបានទៅ លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្លិបបឹង កេតអង្គរទទួលបានប្រាក់រង្វាន់២.០០០ ដុល្លារ, ពានក្រុមឆ្នើមបានទៅក្រុម Cambodia All Stars ទទួលបានប្រាក់រង្វាន់ ២.៥០០ដុល្លារ, ពានព្រឹទ្ធាចារ្យឆ្នើមបាន ទៅលោក ហុក ឈាងគីម ទទួលបានប្រាក់ រង្វាន់២.០០០ដុល្លារ,ពានកីឡាប្រពៃណីបានទៅកញ្ញា ទ្រី សុថាវី ទទួលបានប្រាក់ រង្វាន់១.៥០០ដុល្លារនិងពានរូបថតកីឡាល្អបានទៅលោក គង់ ហន អ្នកសារព័ត៌មាន ទូរទស្សន៍ BTV-News ទទួលបានប្រាក់ រង្វាន់១.០០០ដុល្លារ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាពាននេះបង្កើតឡើងដើម្បីលើកទឹកចិត្តការខិតខំរបស់ កីឡាករ-កីឡាការិនី គ្រូបង្វឹកនិងព្រឹទ្ធាចារ្យកីឡាកម្ពុជាដែលតែងលះបង់កម្លាំងកាយចិត្តដើម្បីដណ្ដើមយកកិត្តិយសនិងបង្កើតស្នាដៃជូនជាតិ ហើយបន្ដគាំទ្រពួកគេឲ្យ ខិតខំបន្ថែមទៀត ដើម្បីបន្ដយុទ្ធនាការចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើម មេដាយជូនជាតិជាបន្ដបន្ទាប់ទៀត ។ តាម រយៈកម្មវិធីនេះលោករំពឹងថា នឹងជំរុញវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នៅពេលកម្ពុជាធ្វើ ម្ចាស់ផ្ទះ ៕ សារីម