ភ្នំពេញ៖ ការប្រកួតជម្រុះកីឡាអុក ចត្រង្គអង្គរសង្គ្រាន្តឆ្នាំ២០១៧ដើម្បីជ្រើសរើសយកជើងខ្លាំងតែ៨រូបប៉ុណ្ណោះសម្រាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅមុខប្រាសាទ អង្គរតូចខេត្តសៀមរាបនាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើកទី៥ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៧ ។
មន្ត្រីគណៈកម្មការបច្ចេកទេសសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឲ្យដឹងថា កីឡាករទាំងចាស់ទាំងក្មេងសរុប១៥៣នាក់បានចូលរួមប្រកួតក្នុងឆ្នាំនេះ ហើយអ្នកចូលរួមប្រកួតកីឡាអុកចត្រង្គក្រៅពីមនុស្សពេញវ័យក៏មានមនុស្សចាស់និងកុមារអាយុ១២ឆ្នាំផងដែរ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា អ្នកចូលរួមប្រកួតទាំងអស់ត្រូវលេងដោយភាពយុត្តិ ធម៌តាមគោលការណ៍ Fair-Play ស្របតាមក្បួនច្បាប់នៃកីឡាអុកចត្រង្គខ្មែរ និងស្របតាមលក្ខណៈបច្ចេកទេសរបស់សហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា។ រីឯវិញ្ញាសាប្រកួត គឺ១ទល់១ មិនប្រកាន់បុរស-នារី ចាប់ពីអាយុ ៨ឆ្នាំឡើងហើយការប្រកួតធ្វើតាមរូបមន្ត វិលជុំជម្រុះអ្នកចាញ់ធ្លាក់។ លក្ខខណ្ឌនៅក្នុងការប្រកួតបើកីឡាករឬកីឡាការិនី រូបណាបានកាន់គ្រាប់អុកចត្រង្គ ណាត្រូវតែប្ដូរទីតាំងគ្រាប់ចត្រង្គនោះ។ ក្នុងករណីមិនប្ដូរទីតាំងអាជ្ញាកណ្តាលកំណត់ឲ្យ ចាញ់ដោយស្វ័យប្រវត្តិ ។
ចំពោះប្រាក់រង្វាន់ជ័យលាភីលេខ១ បានចំនួន១២.០០០.០០០រៀល,លេខ២ ចំនួន៨.០០០.០០០រៀល, លេខ៣ ចំនួន៤.០០០.០០០រៀល និងលេខ ៤បានចំនួន៣.០០០.០០០រៀល ។
គួររំលឹកថា ការប្រកួតអុកចត្រង្គឆ្នាំ កន្លងទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភបន្ថែមទៅលើរង្វាន់លេខ១ចំនួន២០.០០០.០០០រៀល, លេខ២ ចំនួន១២.០០០.០០០រៀល, លេខ៣បានចំនួន៨.០០០.០០០រៀល និងចំណាត់ថ្នាក់លេខ៤ បានចំនួន ៤.០០០.០០០រៀល និងចំណាត់ថ្នាក់ពី លេខ៥ដល់លេខ៨បានចំនួន២.០០០. ០០០រៀលស្មើៗគ្នា ៕ សារីម