ម្ចាស់ក្លិប Bradford City ដែលស្ថិតនៅក្នុង ក្របខ័ណ្ឌអង់គ្លេស League 1 បានសន្យាថាក្លិបនឹងលក់សំបុត្រចូលទស្សនាតែ១ផោន ប៉ុណ្ណោះក្នុងមួយប្រកួតប្រសិនបើក្លិបរបស់ គាត់មានឱកាសលេងនៅក្របខ័ណ្ឌអង់ គ្លេស Premier League ។
លោក Edin Rahic សហម្ចាស់កម្មសិទ្ធិ ក្លិប Bradford City បានថ្លែងថា ទោះបីជាគាត់ លក់សំបុត្រតែ១ផោនក៏ក្លិបរបស់គាត់នៅតែរកប្រាក់ចំណេញបានដែរ។ គាត់ជាអតីត នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Bosch និងថែមទាំងកាន់សញ្ញាបត្រគ្រូបង្វឹក និង អាជ្ញាកណ្ដាលផងដែរ ។
លោក Rahic បាននិយាយថា “ពិត ណាស់វាជាក្ដីស្រមៃរបស់យើងក្នុងការឡើងមក Premier League។ បើសិនយើងមកដល់ ទីនេះមែនតម្លៃសំបុត្រគឺត្រឹម១ផោនក្នុងមួយប្រកួត។ ពេលឡើងមកដល់ Premier League អ្នកទទួលបានយ៉ាងហោច១០០លានផោនរួចទៅហើយសម្រាប់សិទ្ធិផ្សាយតាមទូរ ទស្សន៍ ដូច្នេះចំណូលពីការលក់សំបុត្រមានទំហំតូចបើធៀបនឹងចំណូលលក់សិទ្ធិផ្សាយ។ អ៊ីចឹងហេតុអ្វីយើងមិនផ្ដល់អ្វីមួយតបស្នងទៅអ្នកគាំទ្រវិញខ្លះ?ខ្ញុំចង់មានបរិយាកាសក្នុងកីឡដ្ឋានល្អជាងគេបំផុតនៅអង់គ្លេស”។
គួរបញ្ជាក់ថា បច្ចុប្បន្នក្លិប Bradford City លក់សំបុត្រចូលមើលពេញមួយរដូវកាល ក្នុងតម្លៃត្រឹមតែ១៤៩ផោនប៉ុណ្ណោះ (២៣ ប្រកួតក្នុងផ្ទះ) ហើយមានអ្នកគាំទ្រចូល ទស្សនាជាមធ្យមជិត១៨.០០០នាក់ក្នុង មួយប្រកួតដែលជាតួលេខមធ្យមខ្ពស់បំផុតទី២នៅក្របខ័ណ្ឌអង់គ្លេស League 1 ៕