ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់ម្នាក់ ដោយស្រវឹងស្រាបើករថយន្តស៊េរីទំនើបទៅបុកម៉ូតូToday ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យយុវជន២នាក់រងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅក្រោយ សកលវិទ្យាល័យបៀរប្រាយ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានយុវជន២នាក់ បានជិះម៉ូតូម៉ាក Today ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864 បានបើកឌុបគ្នាតាមបណ្ដោយផ្លូវព្រះសុធារស ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនល្មម ខណៈស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាកឡិចសុីស GS៣០០ ពណ៌ខ្មៅ ពាក់ស្លា កភ្នំពេញ 2R-2141 ដែលបើកបរដោយនារីរូបស្រស់ម្នាក់ ជាតារាសម្ដែង បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារស ក្នុងល្បឿនលឿន និងមានស្ថានភាពស្រវឹងផងនោះ ក៏រេចង្កូតមកផ្លូវម៉ូតូរងគ្រោះ បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្តអូសជិត២០ម៉ែត្រ ដោយឡែកយុវជន២នាក់ខាងម៉ូតូបានដួលបោកនឹងថ្នល់របួសបាក់ជើងទាំងពីរនាក់រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជន ។
ចំណែកនារីរូបស្រស់ ដែលជាម្ចាស់រថយន្តបង្កមានឈ្មោះ ពេជ្រ អាវីហ្សា អាយុ២៥ឆ្នាំ មុខរបរជាអ្នកសិល្បៈ ស្នាក់នៅផ្សារអូឫស្សី ខណ្ឌ៧មករា ក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ចុះឃាត់ខ្លួនបានភ្លាមៗ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ឲ្យចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ