ភ្នំពេញ៖ អស់រយៈពេល៣ខែហើយដែលពិធីការិនីគង់ សុជាតិ បានបង្កើតដំណក់ឈាមកូនស្រីរួមគ្នាជាមួយលោក ជា វិបុល។ ទើបនឹងកើតមិនបានប៉ុន្មានផងកូនស្រីបណ្តូលចិត្តអ្នកទាំងពីរបានចាប់ផ្តើមចេញរកលុយបណ្តើរៗហើយដែលថ្លៃខ្លួនថតស្ទើរខ្ទង់ម៉ឺនដុល្លារអាមេរិក។
អ្នកនាង គង់ សុជាតិ និយាយថា កូនស្រីទើបមានវ័យជាង ៣ខែ ដែលជាដំណក់ឈាមជាមួយស្វាមីលោក ជា វិបុល ទទួលការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម(ស្ប៉ត)តាំងពីនៅក្នុងផ្ទៃឯណោះ ហើយស្ប៉ត២ដែលកូនស្រីរបស់អ្នកនាងទទួលមានតម្លៃខ្លួនខ្ពស់ដែរមិនចាញ់ម្ដាយទេ។ អ្នកនាងចាត់ទុកថា កូនស្រីដែលមិនត្រឹមតែនាំមកនូវរសជាតិសុភមង្គលទ្វេឡើងនោះទេគឺថែមទាំងនាំមកនូវលាភសំណាងមកឲ្យគ្រួសារ។ នាងថា ផលិតផលទាំង២ ដែលកូនស្រីរបស់ខ្លួនរួមជាមួយស្វាមីត្រូវថតនាពេលដ៏ខ្លីខាងមុខគឺ ក្រុមហ៊ុនទឹកដោះគោមកពីប្រទេស សិង្ហបុរី និងក្រុមហ៊ុន សាប៊ូ និងម្សៅ សម្រាប់ថែរក្សាស្បែកកុមារមកពីប្រទេស បារាំង។ ទោះជាយ៉ាងណាអ្នកនាងមិនបានបង្ហើបពីតម្លៃខ្លួនប៉ុន្មានដែលកូនស្រីឈ្មោះ ជា សុជាតិនារី ទទួលបានពីការថតនោះទេ ប៉ុន្តែតាមទីផ្សារនៃការថតស្ប៉តរបស់ពិធីការិនីជើងចាស់ដូចជា អ្នកនាង គង់ សុជាតិ គឺមិនក្រោម ម៉ឺនដុល្លារនោះទេ។ ដូច្នេះកូនស្រីដែលជាចំណងដៃជាមួយលោក ជា វិបុល ក៏មានតម្លៃខ្លួនមិនក្រោម ម៉ឺនដុល្លារដូចគ្នាដែរ។
ពិធីការិនីរូបនេះលើកឡើងថានាង និងក្រុមគ្រួសារបានបង្ហាញក្ដីសប្បាយរីករាយ ហើយចាត់ទុកជាសំណាងរបស់ខ្លួន និងស្វាមី បន្ទាប់ពីកូនស្រីមិនទាន់ចេះនិយាយផង ប៉ុន្តែអាចរកចំណូលបានខ្ពស់ស្ទើរនឹកស្មានមិនដល់។ គ្រួសាររបស់អ្នកនាងចង់បានកូនប្រុសម្នាក់បន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ប៉ុន្តែប្រសិនបើគ្មានលទ្ធភាពក្នុងការបង្កកំណើតក៏នាងនិងក្រុមគ្រួសារយល់ថា កូនស្រីម្នាក់នេះពិតជានាំលាភសំណាង និងសុភមង្គលកាន់តែខ្លាំងសម្រាប់ក្រុមគ្រួសារ៕ វឌ្ឍនា