ខេត្តកណ្តាល ៖ លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន អគ្គនាយកបច្ចេកទេសសុខា ភិបាលតំណាងឲ្យលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបន្សុទ្ធទឹក នៅឯមន្ទីរ ពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង ស្រុកមុខកំពូល កាលពីពេលប៉ុន្មានថ្ងៃ មុននេះ ។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍ ថា ការប្រើប្រាស់ប្រភពទឹកស្អាតដែលជា ទីទុកចិត្ត និងមានសុវត្ថិភាពគឺមានសារ សំខាន់ណាស់ សម្រាប់តំហែទាំអ្នកជំងឺ និងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងឡាយ ដែលកំពុងធ្វើការជាមួយអ្នកតំណាងមកពីក្រសួង និងមូល និធិជេណេរ៉លអេឡិកទ្រិកមានអ្នកជំងឺជាង៥០០នាក់ នៅឯមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង ឥឡូវនេះ ទទួលបានសេវាទឹកស្អាតប្រើប្រាស់ជារៀងរាល់ថ្ងៃ។
លោក Wouter Van Wersch ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន GE ប្រចាំ អាស៊ានមានប្រសាសន៍ថា “កម្មវិធីទឹក ស្អាតចំនួន៩ ជាមួយមន្ទីរពេទ្យចំនួន៩ ផ្សេងទៀត ជាគំរូមួយនៃភាពជាដៃគូរវាង វិស័យសាធារណៈនឹងវិស័យឯកជន ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរាប់ពាន់ នាក់។ ប្រទេសកម្ពុជាដែលមានប្រជាពលរដ្ឋវ័យក្មេង និងមានគំនិតសុទិដ្ឋិនិយមជា កម្លាំងជំរុញដ៏សំខាន់មួយឆ្ពោះទៅរកកិច្ច អភិវឌ្ឍន៍និងកំណែទម្រង់បរិយាកាសធុរ កិច្ច ។ លោកសូមប្តេជ្ញាចិត្តធ្វើជាដៃគូ សម្រាប់ការអភិវឌ្ឍនេះ ។
លោក លីម ដារារិទ្ធ ដែលជាអ្នកដឹកនាំ ក្រុមហ៊ុន GE ប្រចាំកម្ពុជាបានឲ្យដឹងថា “ មុននឹងមានកម្មវិធីនេះមានមន្ទីរពេទ្យ ចំនួន៧ ក្នុងចំណោម១០ប្រព្រឹត្តទៅដោយ គ្មានប្រព័ន្ធបន្សុទ្ធទឹកស្អាតឡើយ ចំណែកឯមន្ទីរពេទ្យ៣ទៀតប្រើប្រាស់នូវប្រព័ន្ធ ចម្រោះទឹកតូចៗ ដែលបម្រើដល់ផ្នែកសម្ភព និងផ្នែកវះកាត់ប៉ុណ្ណោះ ។ លោកជឿជាក់ ថា ប្រព័ន្ធទឹកថ្មីនេះនឹងបង្កើនគុណភាពនៃការព្យាបាល ក៏ដូចជានាំមកនូវគុណតម្លៃកាន់តែច្រើនថែមទៀត សម្រាប់អ្នកជំងឺរាប់ពាន់នាក់នៅទូទាំងប្រទេស។
ការដំឡើងប្រព័ន្ធចម្រោះទឹកនៅឯមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោងនេះបញ្ចប់ជាស្ថាពរនូវកម្មវិធី “ទឹកស្អាតក្នុងគ្រឹះស្ថានសុខាភិបាល (SWHF)” ដែលចាប់ផ្តើមធ្វើដោយក្រសួងសុខាភិបាល និង មូលនិធិជេណេរ៉លអេឡិកទ្រិក នៅក្នុងខែ កញ្ញា ឆ្នាំ២០១៤។ មូលនិធិជេណេរ៉ល អេឡិកទ្រិក ជាអង្គការមនុស្សធម៌របស់ ក្រុមហ៊ុន GE ដែលជួយដល់សហគមន៍ នានានៅជុំវិញពិភពលោកដោយផ្តោតទៅលើការអប់រំ គោលនយោបាយសាធារណៈ និងសេវាសុខាភិបាល ។
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខា ភិបាលខេត្តកណ្តាល បានថ្លែងថា ដោយ សារតែមានកម្មវិធី SWHF ទើបមាន មន្ទីរពេទ្យចំនួន១០ ដែលកំពុងបម្រើប្រជាពលរដ្ឋនៅតាមបណ្តាខេត្តអាចពឹងផ្អែកបានទៅលើប្រភពទឹកស្អាត ដែលជាទីទុកចិត្តនាពេលបច្ចុប្បន្ននេះ ។ មុននឹងមានកម្មវិធី នេះមន្ទីរពេទ្យខ្លះប្រើប្រាស់ទឹកដែលបង្ហូរតាមទុយយោ ចំណែកឯមន្ទីរពេទ្យខ្លះទៀតប្រើប្រាស់ទឹកដែលបង្ហូរតាមទុយយោ ខួង ឬជីក ។ប្រព័ន្ធទឹកថ្មីនេះក៏ផ្តល់នូវទឹកស្អាតសម្រាប់ភ្ញៀវ និងបុគ្គលិកពិសាផងដែរ ។ នេះមានន័យថា ថវិកាដែលបានបែង ចែកដើម្បីទិញទឹកដែលច្រកដប ឥឡូវនេះអាចយកទៅប្រើប្រាស់លើកម្មវិធីតំហែទាំអ្នក ជំងឺវិញ ។
សូមបញ្ជាក់ថា កម្មវិធី SWHF ក្នុង ប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់ ៣លាន១សែនដុល្លារ ប្រព័ន្ធចម្រោះទឹកជាច្រើនត្រូវបានដំឡើងរួចហើយនៅក្នុង បណ្តាមន្ទីរពេទ្យ១០រួមមាន មន្ទីរពេទ្យ បង្អែកកំពង់ធំ បារាយណ៍ សន្ទុក សួង កោះធំ កំពង់ត្រឡាច ថ្មគោល ឧដុង្គ សំពៅ លូន កំពង់ត្រាច និងមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុន សែន រកាកោង ៕ ហេង សូរិយា