ភ្នំពេញ៖ ក្មេងស្រីម្នាក់ដែលទើបតែអាយុ១៤ឆ្នាំសោះដោយខឹងម្តាយស្តីបន្ទោសរឿងដើរលេងច្រើនមិនចូលផ្ទះហ៊ានតមាត់ម្តាយវិញហើយខណៈដែលម្តាយវាយបីរំពាត់ក៏សម្រេចចិត្តរត់ចេញពីផ្ទះបាត់មួយយប់ ទើបម្តាយកាន់រូបថតមួយសន្លឹក ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ សុំឲ្យនគរបាលជួយអន្តរាគមន៏ ស្វែងរកកូនស្រីគាត់ ។
ស្រ្តីរូបនោះបានប្រាប់ថាគាត់ឈ្មោះសូយ នឿន អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិទំពាំងស្រែ ឃុំ-ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកកូនស្រីដែលរត់បាត់ទៅនោះឈ្មោះផាន ធារី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៥ សាលាបឋមសិក្សាជម្ពូវ័ន ស្នាក់នៅជាមួយគាត់នៅភូមិកើតហេតុខាងលើ។
ស្រ្តីជាម្ដាយបាននិយាយថា កូនគាត់បានដើរលេងសេពគប់មិត្តភក្ដិមិនល្អ ចំណែកគាត់បានខំប្រឹងធ្វើការរក ប្រាក់ដើម្បីចិញ្ចឹមនាងនិងក្មួយ២នាក់ទៀត ហើយដោយសារខ្លាចកូនដើរផ្លូវខុស មានបញ្ហាដល់ខ្លួននិងខូច កិត្តិយសគ្រួសារ ក៏បានស្ដីប្រដៅនិងណែនាំឈប់ឲ្យដើរលេងឥតប្រយោជន៏តទៅទៀត។ប៉ុន្តែនាងមិនត្រឹមតែ មិនព្រមស្ដាប់តាមនោះទេ ថែមទាំងតមាត់ជាមួយគាត់ទៀតធ្វើឲ្យគាត់ខឹង ក៏បានទាញខ្សែភ្លើងវាយ២ទៅ៣ខ្សែភ្លើងតែ ម្ដង។ បន្ទាប់មកកូនស្រីគាត់បានលួចរត់ចេញពីផ្ទះបាត់ មិនដឹងថាទៅទីណាឡើយ ចំណែកគាត់ជាម្ដាយបានទូរស័ព្ទរកដែរ ប៉ុន្តែមិនចូលទៀត ទើបធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ក៏បានកាន់រូបថតកូនស្រីមួយសន្លឹកនេះ ធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យនគរបាលជួយស្វែងរកកូនស្ត្រីរបស់គាត់ តែមិនដឹងថា សង្ឃឹមរកឃើញ ឬអត់នោះទេ៕ សុខាសែនជ័យ