ខេត្តកណ្តាល ៖ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាកូវ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានចុះស្រាវជ្រាវស៊ើបអង្កេតឈានដល់ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹង ករណីជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ ។
ការចាប់ខ្លួនបុរសខាងលើនេះ ប្រព្រឹត្តទៅនៅចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល កាលពីវេលាម៉ោង៧ និង០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី ធារិទ្ធ ហៅ ពៀក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន្ននៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។
សមត្ថកិច្ចបន្តឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនតាមដីការបង្គាប់ លេខ០៥៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ របស់លោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ពីបទជួញដូរនូវសារធាតុញៀនដោយ ខុសច្បាប់ ដែលបានប្រព្រឹត្តនៅភូមិ ព្រែកល្វា ឃុំព្រែក តាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាល ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ។
បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ