ក្លិបតោខៀវដែលកំពុងនាំមុខនៅលីកកំពូលអង់គ្លេសតោខៀវ Chelsea ទើបតែ បានចុះឈ្មោះចូលប្រជែងជាមួយនឹងក្លិប បិសាចក្រហមក្នុងការទិញយកកីឡាករ ខ្សែប្រយុទ្ធបារាំង Griezmann ដែលកំពុង មានតម្លៃដល់ទៅ៨៦លានផោនពីក្លិប Atletico Madrid សម្រាប់រដូវកាលក្រោយ។
កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Griezmann ដែលជាគោលដៅជាយូរមក ហើយសម្រាប់ក្លិបបិសាចក្រហម Man United ក៏ដូចជាគ្រូបង្វឹកលោក Jose Mourinho នោះកំពុងតែបានក្លាយទៅជាគោលដៅដ៏សំខាន់សម្រាប់ក្លិបតោខៀវផងដែរក្នុងការបង្កើនប្រសិទ្ធភាពខ្សែប្រយុទ្ធដើម្បីប្រជែងពានរង្វាន់ជាច្រើននាពេលខាងមុខ ។
ក្លិបបានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះដល់ទៅ៨៦លានផោនដែលមានន័យ ថា ភ្នាក់ងារលក់និងកីឡាករផ្ទាល់អាចបើកការពិភាក្សាដោយសេរីជាមួយនឹងក្លិបណា ដែលគេចាប់អារម្មណ៍ ។
លោក Antonio Conte គ្រូបង្វឹកក្រុមតោខៀវត្រូវបានគេដឹងថា បានបដិសេធ ឱកាសក្នុងការនាំយក Neymar មកកាន់ Chelsea ទោះបីជាម្ចាស់ក្លិប Roman Abramovich បានយល់ព្រមនឹងតម្លៃខ្លួនជាមួយ Barcelona យ៉ាងណាក៏ដោយ ។
ប្រធានក្លិបរូបនេះក៏បានសម្រេចចិត្ត តាមលោក Antonio Conte ទាំងអស់ដែល លោកបានលើកឡើងថា ចង់បានកីឡាករ ថ្មីៗបន្ថែមទៀតក្រោយចប់រដូវកាលនេះ ប៉ុន្តែលោកបែរជាបដិសេធមិនចាប់អារម្មណ៍ Neymar ដែលជាកីឡាករឆ្នើមទៅវិញ។
លោក Abramovich កំពុងតែមានការព្រួយបារម្ភជាខ្លាំងដោយខ្លាចក្លិប Inter Milan ឆក់យកលោក Conte ពីទឹកដី Stamford Bridge ព្រោះពួកគេថា នឹងផ្តល់ ឱកាសឲ្យរូបលោកទិញកីឡាកររូបណាក៏ បានដែរឲ្យតែលោក Conte ពេញចិត្ត។
បើយោងទៅតាមកាសែត Tuttosport បានចុះផ្សាយថា Chelsea បានទទួលជោគជ័យហើយក្នុងការឈានទៅដល់ការចុះហត្ថលេខាទិញយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅក្នុងតម្លៃ១៥៥.៥លានផោន។ ទោះជាយ៉ាងណាក៏ដោយលោក Conte បានរាយការណ៍មកថា ការលេង របស់ Neymar គឺមិនអាចសម្របខ្លួនជាមួយនឹងក្រុមបានទេ ។
ការសម្រេចចិត្តរបស់លោក Conte នេះហើយដែលជាហេតុនាំឲ្យលោកផ្តោតការ ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Griezmann ខ្លាំងជាងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar៕ ដេវីត













