ភ្នំពេញ៖ បុរសម្នាក់ដោយសារខឹងនឹងប្រពន្ធដើរលេងជាមួយមិត្តភក្ដិ និយាយមិនស្តាប់ ទ្រាំលែងបាន ក៏វាយប្រពន្ធហើយដុតខោអាវអស់ រួចចាក់ប្រេងកាតស្រោចពេញខ្លួន បម្រុងដុតខ្លួនឯងតែត្រូវអ្នកភូមិជួយទាន់ហើយប្រពន្ធបានទូរស័ព្ទប្តឹងនគរបាលឲ្យចាប់ខ្លួនយកទៅប៉ុស្តិ៍នគរបាលភ្លាមៗ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រាំងបោក នៅបុរីសន្តិភាព សង្កាត់ពងទឹក ខណ្ខដង្កោ ។
មន្រី្តនគរបាលប៉ុស្តិ៍ពងទឹកបានឲ្យដឹងថា បុរសដែលវាយប្រពន្ធនិងយកប្រេងកាតមកចាក់ស្រោចខ្លួន បម្រុងនឹងដុតខ្លួនឯងមានឈ្មោះ សាន្ត រតនា ភេទ អាយុ ៣១ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធមានឈ្មោះ ម៉ម ស្រី អាយុ ៣១ឆ្នាំ មុខរបរចុងភៅដូចគ្នានិង ស្នាក់នៅជាមួយគ្នា ។
ស្រ្តីរងគ្រោះជាប្រពន្ធបានរៀបរាប់ប្រាប់នគរបាលថា ប្តីរបស់គាត់ជាមនុស្សញៀនថ្នាំ ពេលដែលប្រើប្រាស់គ្រឿងញៀនម្តងៗ តែងតែវាយធ្វើបាបគាត់ជាញឹកញាប់។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧កន្លងទៅនេះ ប្តីគាត់ម្នាក់នេះបានរករឿងវាយធ្វើបាប និងបានយកខោអាវរបស់គាត់ដុតចោល ទើបរូបគាត់ទ្រាំមិនបានប្តឹងនគរបាលពងទឹក ឲ្យជួយកោះហៅប្តីទៅអប់រំតែម្តងទៅ ។
បន្ទាប់ពីដាក់ពាក្យបណ្តឹងរួច សមត្ថកិច្ចមិនទាន់បានហៅទៅសួរនាំទេ ស្រាប់តែនៅ ព្រឹកកើតហេតុខាងលើនេះ បុរសជាប្តីបានធ្វើសកម្មភាពវាយបំផ្លាញសម្ភារៈ នៅក្នុងផ្ទះម្ដងទៀត និងវាយម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ខ្មៅ រួចហើយបានយកប្រេងកាត មកចាក់ស្រោចខ្លួន គាត់បម្រុងដុតខ្លួនឯងតែត្រូវបានម្តាយរាយការណ៍ទៅសមត្ថកិច្ចចុះទៅដល់។ ភ្លាមនោះប្តីគាត់ បានរត់ចូលបន្ទប់ឡៅតឿ ចាក់សោពីខាងក្នុងជាប់ ទាល់តែសមត្ថកិច្ចលួងលោម យ៉ាងយូរទើបព្រមបើកទ្វារ ឲ្យសមត្ថកិច្ចចូលទៅចាប់ខ្លួនដាក់ខ្នោះ ។កន្លងមកប្តីរបស់គាត់ ធ្លាប់នគរបាលហៅទៅអប់រំជាច្រើនលើក ច្រើនសាមកហើយតែនៅមិនរាងចាលឡើយ ។
ចំណែកបុរសជាប្តីវិញ បានប្រាប់ឲ្យដឹងថា មូលហេតុដែលខ្លួនវាយប្រពន្ធ ដោយសារតែខឹងប្រពន្ធចេះតែដើរលេងជាមួយមិត្តភក្ដិ និយាយមិនស្តាប់ ។
បច្ចុប្បន្នបុរស ប្រើអំពើហិង្សាក្នុងគ្រួសារម្នាក់នេះ ត្រូវបានសមត្ថកិច្ច យកទៅសាកសួរនៅអធិកាដ្ឋាននគរខណ្ឌដង្កោដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕ ភារ៉ាដង្កោ














