ខេត្តកំពង់ឆ្នាំង៖ ក្រុមឃាតកដែលសម្លាប់មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំងប្លន់យកម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត និងស្រុក ស្រាវជ្រាវរកឃើញហើយនៅពេលនេះ និងបានចាប់ខ្លួនហើយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅវត្តជាងហ្លួង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
រូបម៉ូតូនិងជនសង្ស័យដែលដោះអាវជាជនដៃដល់
សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មា្នក់ ឈ្មោះ អេង សុខា អាយុ២០ឆ្នាំ ជាជនដៃដល់ និង ម្នាក់ទៀតឈ្មោះ ជឹម សុផាត អាយុ៤៣ឆ្នាំ ជាឪពុក ទាំងពីរនាក់ឳពុក និងកូន រស់នៅក្នុងភូមិក្រោលជី ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលជុំរុញអោយខ្លួនប្រព្រឹត្តសកម្មភាពនេះ ដោយសារតែខ្លួនបានលួចលុយ របស់ជីដូនប្រមាណជា៤លានរៀល ក្រោយពីលួចបានលុយនេះមក ដេកស៊ីចាយនៅក្រុងកំពង់ឆ្នាំងអស់រលីង ហើយបានត្រឡប់ទៅផ្ទះនៅក្រោលជីវិញ ។
ក្រោយពីជួបឳពុក ខ្លួនបានកុហក់ឪពុកថា លុយដែលខ្លួនបានលួចមកនោះគឺអោយមិត្តភក្តិខ្ចី នៅក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបន្តទៀតថា នៅយប់ថ្ងៃទី១៦ ខែសីហា ជនសង្ស័យក៍អោយឪពុកជូនខ្លួនមកក្រុងកំពង់ឆ្នាំង ដោយប្រាប់ថា ខ្លួនមកទារលុយដែលគេជំពាក់ចំនួន២លារៀល ។ នៅពេលមកដល់ក្រុងកំពង់ឆ្នាំង ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះ ឈ្មោះយ៉ាត សុជាតិ ដែលជាមត្តិភក្តិរបស់គេរួចបានខ្ចីលុយចំនួន១ម៉ឺនរៀល យកអោយឪពុកចាក់សាំង ត្រឡប់ទៅផ្ទះវិញ ។
ជនដៃដល់ក្រោយពីជួបជនរងគ្រោះនៅសួនកុមារហើយ បាននាំគ្នាទៅផឹកស៊ី និងច្រៀងខារ៉ាអូខេ។ ក្រោយពេលចេញពីខារ៉ាអូខេ ជនដៃដល់ឈ្មោះ អេង សុខា បានល្បួងជនរងគ្រោះឈ្មោះយ៉ាត សុជាតិ ទៅផឹកនៅព្រៃខ្មែរបន្តទៀត ហើយបានត្រឡប់ពីព្រៃខ្មែរមកស្នាក់នៅផ្ទះសំណាក់មួយនៅក្នុងក្រុងកំពង់ឆ្នាំង ។ លុះដល់វេលាម៉ោងប្រមាណជាង១រំលងអធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ជនដៃដល់បានទូរស័ព្ទហៅស្រីស្នេហ៍ដើម្បីមកដេកនៅផ្ទះសំណាក់ ប៉ុន្តែទូរស័ព្ទអត់ចូល ពេលនោះជនសង្ស័យឈ្មោះ អេង សុខា បានបបួលជនរងគ្រោះឈ្មោះយ៉ាត សុជាតិ អោយឌុបខ្លួនទៅផ្ទះនៅក្រោលជី ឃុំពពេល ដោយសន្យាអោយថ្លៃឌុបចំនួន២ម៉ឺនរៀល ។
នៅពេលដល់កន្លែងកើតហេតុជាកន្លែងស្ងាត់ ជនសង្ស័យបានអោយជនរងគ្រោះឈប់ រួចដើរចូលទៅខ្ទមតូចមួយ យកអង្រែបុកគ្រឿងលបវាយជនរងគ្រោះពីក្រោយចំនួន៤អង្រែ បណ្តាលអោយជរងគ្រោះលែងដឹងខ្លួន រួចវាយបំពង់កចំនួន៤អង្រែទៀត រហូតដល់ជនរងគ្រោះស្លាប់ ហើយបានអូសចូលទៅក្នុងព្រៃតែម្តង ។ ក្រោយពីវាយសម្លាប់រួចហើយជនសង្ស័យបានជិះម៉ូតូយកទៅទុកផ្ទះរបស់ខ្លួន ។
សមត្ថកិច្ចបានអោយដឹងទៀតថា ដោយខ្លាចបែកការណ៍ ពីរនាក់ឪពុក និងកូនបានយកម៉ូតូនេះទៅលាក់ទុកក្នុងវត្តជាងលួង ឃុំពពេល ស្រុកបរិបូរណ៍ ។
ប៉ុន្តែក្រោយពីមានការស្រាវជ្រាវតាមជំនាញរបស់មសត្ថកិច្ច នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នៅវត្តជាងហ្លួងតែម្តង ដោយបានដក ហូតម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ១FD-៤៧៤៧ របស់ជនរងគ្រោះដែលជនសង្ស័យយកទៅទុកក្នុងវត្ត ។ នៅពេលនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់កបន្តទៅនីតិវិធី ៕
ដោយ៖ ចន្ថា