ខេត្តកណ្តាល ៖ លោក លី ចាណា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស មន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៧ បានចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំង នៅក្នុងឃុំរកាកោងទី១ និង ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សូមជម្រាបថា នាពេលកន្លងមក ប្រជាកសិករនៅក្នុងឃុំទាំង២ខាងលើ បានបង្កបង្កើនផលស្រូវប្រាំងលើផ្ទៃដីចំនួន៤០០ហិកតា ។ បន្ទាប់ពីដំណាំស្រូវប្រាំងទាំងនោះ ត្រូវបានប្រមូលផលរួចរាល់ជាស្ថាពរ បងប្អូនប្រជាកសិករបានបន្តដាំដុះដំណាំស្រូវប្រាំងលើកទី ២ លើផ្ទៃដីចំនួន៣០០ហិកតាបន្ថែមទៀត ហើយបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក ។
ឆ្លើយតបភ្លាមៗទៅនឹងការខ្វះខាតទឹកស្រោចស្រពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្មរបស់ក្រសួង រៀបចំដំឡើង និងដំណើរការម៉ាសុីនបូមទឹកចល័តខ្នាតមធ្យម (៦៥សេះ) ចំនួន២ គ្រឿង ស្ថានីយបូមទឹកបណ្តែត (១២០សេះ) ចំនួន ០១ គ្រឿង និងម៉ាសុីនខ្នាតតូចរបស់សហគមន៍ ចំនួន ០២ គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកទៅសង្គ្រោះដំណាំស្រូវទាំងនោះ ។
នៅក្នុងពេលចុះពិនិត្យការងារនោះ លោក អនុរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យមន្ទីរបន្តយកចិត្តទុកដាក់ និងចុះតាមដានជាប់ជាប្រចាំនូវការ ងារបង្កបង្កើនផលនៅក្នុងឃុំទាំង២ខាងលើ និងបានឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន ១.០០០ លីត្រ សម្រាប់កិច្ចដំណើរការអន្តរាគមន៍សង្គ្រោះស្រូវ ៕ ហេង សូរិយា