ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ គណៈកម្មការរៀបចំការប្រកួតអុកចត្រង្គបានរកឃើញកីឡាករ៨នាក់ចុងក្រោយហើយ សម្រាប់ទៅប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នៅខេត្តសៀមរាបនាពេលខាងមុខ ។
អ្នកលេងអុកចត្រង្គទាំង៨នាក់នេះបានឆ្លងផុតវគ្គជម្រុះក្នុងចំណោម១៦០នាក់ ដែលរៀបចំដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយពីបញ្ចប់វគ្គជម្រុះ វិលជុំចុងក្រោយក្នុងចំណោម២៩នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២៧នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ការប្រកួតអុកចត្រង្គឆ្នាំនេះអ្នក ចូលរួមប្រកួតមាន១៦០នាក់ ក្នុងនោះមានម្នាក់ជានារីតែគាត់បានបរាជ័យតាំងពីប្រកួតជម្រុះជុំទី១ ។ ការប្រកួតចែកចេញជា៤ ពូលក្នុងមួយពូលៗមាន៤០នាក់ ។ ស្ដេច អុកឆ្នាំ២០១៦ គឺលោក ហូយ សូណា បានខ្ទាតចេញពីក្រុម៨នាក់ចុងក្រោយទាំងមិនអស់ចិត្ត ។
ចំណែកឯជើងខ្លាំងចំនួន៨រូបដែល ត្រូវទៅប្រជែងដណ្ដើមតំណែងស្ដេចអុកនៅខេត្តសៀមរាបនោះគឺពូលA ប៊ុន គាសេង មកពីខេត្តក្រចេះដែលកីឡាកររូបនេះធ្លាប់បានឡើងដល់វគ្គ៨នាក់បែបនេះម្ដងហើយកាលពីឆ្នាំ២០១៤ និងកីឡាករ រស់ រិទ្ធិយ៉ា មកពីរាជធានីភ្នំពេញដែល កីឡាកររូបនេះធ្លាប់ដណ្ដើមបានចំណាត់លេខ៤កាលពីឆ្នាំ២០១៦ ។ ពូលBមាន កីឡាករ ឈាវ បូរ៉ា មកពីរាជធានីភ្នំពេញដែលធ្លាប់គ្រងតំណែងស្ដេចអុកចត្រង្គ ២ជំនាន់ជាប់គ្នា គឺឆ្នាំ២០១៤ និងឆ្នាំ ២០១៥ និងកីឡាករ លឹម ផល្លា មកពីខេត្តប៉ៃលិនដែលទើបតែមកចូលរួមប្រកួតនៅឆ្នាំនេះជាលើកដំបូង ។ពូលC មានកីឡាករ កាំង ហេង មកពីខេត្តបាត់ដំបង និងកីឡា ករ ម៉ី កែវនិម្មិត មកពីរាជធានីភ្នំពេញ។
ពូលD មានកីឡាករ ឆយ វីរ៉ា មកពីរាជធានីភ្នំពេញដែលកីឡាកររូបនេះធ្លាប់គ្រង តំណែងស្ដេចអុកពានរង្វាន់សម្ដេចអគ្គ មហាសេបតីតេជោ ហ៊ុន សែន និង កីឡាករ ហេង សៅឌី មកពីរាជធានីភ្នំពេញ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួម បិទការប្រកួតវគ្គជម្រុះនោះដោយណែនាំ ដល់ជ័យលាភីទាំង៨រូបឲ្យរក្សាសុខភាពបានល្អដើម្បីចូលរួមប្រកួតផ្ដាច់ព្រ័ត្រប្រជែងយកតំណែងស្ដេចអុកចត្រង្គអង្គរសង្ក្រាន្តនៅមុខអង្គរចាប់ពីថ្ងៃទី១៤ដល់ថៃ្ងទី១៦ ខែមេសាខាងមុខ ៕សារីម