ភ្នំំពេញ៖ យុវជន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័មកណ្តាលផ្លូវលាយឡំនិងឈាមហូរចេញមកពេញផ្លូវគួរឲ្យរន្ធត់បំផុតខណៈជិះម៉ូតូឌុបគ្នាតាមផ្លូវហើយក៏ត្រូវរថយន្តដឹកឥដ្ឋបុកកិនពីក្រោយពេញទំហឹង។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរវត្តឃ្មួញ លើកំណាត់ផ្លូវភ្នំពេញហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពត្រូវបានគេស្គាល់ឈ្មោះ ជួន បញ្ញារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណទេ។ ដោយឡែកអ្នកបើកបរមានឈ្មោះផាន់ វន ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានស្រុកកំណើតភូមិក្រាំងចិន ឃុំក្រាំងយ៉ង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
អ្នកឃើញហេតុការណ៍ការបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក់ហុងឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DF-5373ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុទំនងជាគេចនិងម៉ូតូរ៉ឺម៉កកងបីហើយក៏ត្រូវរថយន្តបង្កម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-3633 ដែលបើកមកពីក្រោយក្នុងល្បឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកកិនបណ្តាលឲ្យដួលដេករណូករណែលកណ្តាលផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង។ ចំណែកម៉ូតូជនរងគ្រោះបានកៀបជាប់ពីក្រោមរថយន្តអូសប្រមាណជាង៣០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួចហើយត្រូវប្រជាពលរដ្ឋនាំគ្នាជួយចាប់អ្នកបើកបរបានវាយម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុគេឃើញមាននគរបាលផ្នែកចរាចរខណ្ឌសែនសុខចុះមកដល់កន្លែងកើតហេតុនិងទាក់ទងទៅនគរបាលចរាចររាជធានីឲ្យមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដោះស្រាយនៅពេលក្រោយ។ ចំណែកសពយុវជនម្នាក់ឈ្មោះ ជួន បញ្ញារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី។ដោយឡែកសពយុវជនម្នាក់ទៀតយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរកសាច់ញតិ៕ តុង សីហា
...