ខេត្តកណ្ដាល ៖ យ៉ាងតិចមានមនុស្សប្រុសស្រីពីរនាក់បានស្លាប់ និងរងរបួសធ្ងន់ បង្កឡើងដោយខ្លួនឯង ជិះក្នុង ល្បឿនលឿនជែងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តសណ្តោងរ៉ឺម៉កដឹកគ្រឿងចក្រ ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល។
ភាគីខាងម៉ូតូ ម៉ាកស៊ុយហ៊្សូគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FB.4784 បើកបរដោយឈ្មោះ នួន សុជាតិ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់) ក្នុងទិស ដៅពីកើតទៅលិច រួមដំណើរដោយឈ្មោះ នី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅខេត្តកំពង់ធំ (រងរបួសធ្ងន់) ។
សាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូនិងរថយន្តបើកស្របទិសគ្នា ក្នុងភូមិសាស្ត្រកើតហេតុខាងលើ ។ លុះមកដល់ចំណុចកើតហេតុ ភាគីម៉ូតូបើកបរក្នុងល្បឿនលឿនហើយជែងខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុក រថយន្តសណ្ដោងរ៉ឺម៉កដឹកគ្រឿងចក្រ បណ្ដាលអោយស្លាប់អ្នកបើកម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ ។ ចំណែក អ្នកបើករថយន្តបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់តែម្តង ។
សពត្រូវបានសមត្ថកិច្ចជំនាញធ្វើការប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ រីឯនារីរងគ្រោះត្រូវ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង សមត្ថកិច្ចជំនាញយកមករក្សារទុកនៅអធិការនគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីដោះស្រាយតាមច្បាប់ ៕ ស្អាងជ័យ