ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ អះអាងថា ពួកគេបានរៀបគំរោងវាយប្លន់យកម៉ូតូ និងកាបូបលុយរបស់នាងបានសម្រេច កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ទុលមុខផ្ទះលេខ៨៦ ផ្លូវ៩៩ ភូមិ៤ក្រុម២៧ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ សួង ពឿន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ បញ្ញា រឹទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ៥ ក្រុម៣២សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងម្នាក់ទៀតត្រូវជាបងស្រីធម៌ មានឈ្មោះ វីង លីនដា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរបំរើការនៅហាងខារ៉ាអូខេ រ៉ក ស្នាក់នៅផ្ទះជួល ផ្លូវ៩៧ ភូមិ៥ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ដកហូតបានម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CG-4352 ដែលជនសង្ស័យយកទៅផ្ញើរនៅកន្លែងផ្ញើម៉ូតូ នៅមជ្ឈមណ្ឌលកំសាន្ត រ៉ក ព្រមទាំងកាបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យបានយកទៅលាក់ទុកនៅផ្ទះជួល ។
តាមសម្ដីជនរងគ្រោះ បាននិយាយថា រូបនាងបានស្គាល់គ្នាជាមួយនារីជាជនសង្ស័យខាងលើបានរយៈពេល៤ខែហើយ ដោយស្គាល់គ្នាតាមរយៈទៅធ្វើសក់ និងក្រចកនៅហាងជាមួយគ្នា លុះដល់ពេលកើតហេតុខាងលើ ស្រាប់តែនារីដែលជាជនសង្ស័យ បានបបួលនាងឲ្យជូនទៅធ្វើច្រមុះនៅម្ដុំផ្សារថ្មី ពេលនោះរូបនាងក៏បានយកម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CG-4352 ទៅដឹកនារីជាជនសង្ស័យ ដើម្បីទៅកែច្រមុះ ដោយនារីជាជនសង្ស័យគឺជាអ្នកឌុប ។
ពេលឌុបមកចំណុចកើតហេតុខាងលើ ផ្លូវ៩៩ ស្រាប់តែនារីជាជនសង្ស័យ បានឈប់ម៉ូតូ រួចបានឲ្យនារីរងគ្រោះ ដាក់កាបូបលុយចូលទៅក្នុងកែបម៉ូតូ ព្រោះអីលុយក្នុងកាបូបច្រើន ពេលនោះនារីរងគ្រោះក៏បានដាក់កាបូបក្នុងកែបម៉ូតូតាមសម្ដីរបស់ជនសង្ស័យ ស្រាប់តែពេលនោះ ក៏លេចមុខជនសង្ស័យជាបុរសម្នាក់ទៀត បានមករុញរូបនាងទាំង២នាក់ បណ្តាលឲ្យដួលគរលើគ្នា រងរបួសរលាត់ក្បាលជង្គង់ ហើយជនសង្ស័យជាបុរស បានលើកម៉ូតូរបស់នាងជិះចេញទៅបាត់ទៅ តែពេលដែលជិះម៉ូតូចេញទៅ រូបគាត់ជាជនរងគ្រោះ បានស្រែកថាចោរៗ និងរត់ដេញតាម តែបែរជានារីដែលជាជនសង្ស័យត្រូវជាមិត្តភក្តិ មិនបានជួយដេញតាមទេ បែរជាឈរមើលទៅវិញ ទុកឲ្យបុរសជាជនសង្ស័យជិះម៉ូតូយកទៅបានយ៉ាងស្រួល ។
បន្ទាប់ពីជនសង្ស័យបានយកម៉ូតូរបស់នាងទៅបាត់ទៅ រូបនាងជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ និងម៉ូតូរបស់នាងមកវិញ ព្រមទាំងកាបូបរបស់ដែលមានលុយ ៥០០ដុល្លារសហរដ្ឋអាមេរិក ។
សមត្ថកិច្ចកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវវិញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ក៍បានធ្វើស្រាវជ្រាវ ហៅនារីដែលជាជនសង្ស័យមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ នៅពេលដែលសមត្ថកិច្ចធ្វើការចោទសួរ នារីដែលជាជនសង្ស័យដែលត្រូវជាមិត្តភក្តិជនរងគ្រោះ បានសារភាពថា រូបនាងពិតជាបានរៀបគម្រោងវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ដោយនាងមានបក្ខពួកម្នាក់ទៀត ដែលត្រូវជាប្អូនប្រុសធម៌ បានជួលបន្ទប់នៅក្បែរគ្នា បានធ្វើសកម្មភាពជាមួយផងដែរ ។ដោយឮសម្ដីនារីជាជនសង្ស័យរូបនេះនិយាយ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវបានប្រើរយៈពេលអស់៥ម៉ោងទើបឈានទៅឃាត់ខ្លួនបុរសម្នាក់ ដែលត្រូវជាប្អូនធម៌ បាននៅតាមផ្លូវលេខ៥០៨កែង៩៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែមីនា បាននាំខ្លួនជនសង្ស័យទៅយកម៉ូតូរបស់ជនរងគ្រោះ ដែលពួកគេយកទៅផ្ញើនៅកន្លែងបញ្ផ្ញើម៉ូតូនៅមជ្ឈមណ្ឌលកម្សាន្តRock និងទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ ឃើញមានកាបូបរបស់ជនរងគ្រោះ តែអត់មានលុយទេ ឃើញលុយនៅជាប់នឹងខ្លួនជនសង្ស័យ មានជិត ៣០០ដុល្លារ ។
បន្ទាប់មកទើបនាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតបានរៀបគម្រោងវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី