ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសពោះមាយម្នាក់នៅវាលស្រែមុខផ្ទះ ដោយគេអះអាងថាជាករណីឃាតកម្មកាប់សម្លាប់លើមុខខ្ទេចស្ទើរមើលមិនស្គាល់។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងមុខផ្ទះជនរងគ្រោះចម្ងាយប្រមាណ ២៥ម៉ែត្រ ស្ថិតក្នុងភូមិត្រាំព័រ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឹម ទី អាយុ៦១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
លោកបន្តថា ជនរងគ្រោះជាបុរសពោះមាយរស់នៅជាមួយកូនប្រុសតូចម្នាក់អាយុ១៣ឆ្នាំ ខណៈកូនធំៗផ្សេងទៀតពួកគេបានបែកមានគ្រួសារ និងទៅប្រកបការងារស្រុកផ្សេងៗ។
លោកបញ្ជាក់ថា ផ្ទះជនរងគ្រោះនៅចុងកាត់មាត់ញកឆ្ងាយដាច់ស្រយាលពីគេ ហើយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមរបួសដាច់ដោយវត្ថុរឹងមុតនៅលើផ្ទៃមុខច្រើនកន្លែងដែលអាចត្រូវបានសម្លាប់នៅយប់អធ្រាត្រថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ លុះនៅព្រឹកឡើងទើបគេប្រទះឃើញ។
លោក អធិការស្រុកបន្តថា ករណីខាងលើនេះមិនមានប្រភពណាមួយសន្និដ្ឋានការដែលឃាតកសម្លាប់ជនរងគ្រោះបណ្តាលមកពីមូលហេតុអ្វីនៅឡើយនោះទេ។
បើតាមអ្នកភូមិបាននិយាយថា កាលពីប៉ុន្មានឆ្នាំមុនជនរងគ្រោះត្រូវបានអ្នកភូមិខ្លះចោទប្រកាន់ពាក់ព័ន្ធនឹងអំពើអាបធ្នប់តាមផ្លូវងងឹត ប៉ុន្តែក្រោយមករឿងនេះក៏បានស្ងប់ស្ងាត់ទៅវិញ។ ដោយឡែកប្រភពផ្សេងទៀតបានដាក់ការសង្ស័យថា ជនរងគ្រោះអាចមានទំនាក់ទំនងស្នេហាស្ត្រីវ័យចំណាស់នៅក្នុងភូមិជាន់ជាមួយនឹងស្នេហាអ្នកផ្សេង។ ទោះជាមានការលើកឡើងយ៉ាងនេះក្ដី ករណីនេះសមត្ថកិច្ចជំនាញបាននឹងកំពុងស្រាវជ្រាវ ដើម្បីវែកមុខឃាតកចាត់ការតាមផ្លូវច្បាប់៕ ប៉ឹម ពិន