ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីឈ្មួញឈើឈ្មោះ សីុ ស ដឹកជញ្ជូនឈើម្រិញពីខេត្តកំពង់ស្ពឺ ទៅច្រកបាក់ដៃ ខេត្តតាកែវ ហើយសកម្ម ភាពនេះត្រូវបានបែកការ ឡានឈើរបស់ សីុ ស ក៏ត្រូវបានយកទៅលាក់បំពួននៅម្តុំ ភ្នំតាម៉ៅ ខេត្តតាកែវ និងខកខានមិនបានឆ្លង ទៅប្រទេស វៀតណាមផងនោះ ។ ថ្មីៗនេះ ឈ្មួញឈើឈ្មោះ សីុ ស ជនជាតិវៀតណាម ដែលត្រូវជាកូនប្រសាលោក ឆេង ឡុង ក៏ បានព្យាយាមឲ្យដៃជើងរបស់ខ្លួនយករថយន្តដឹកឈើម្រិញ និងគំនឈើច្រើនទៀតយក ទៅលាក់ទុកនៅក្នុងចម្ការស្វាយមួយកន្លែង នៅជិតក្លោងទ្វារវត្តតាសាល ឃុំុតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ករណីនេះ ត្រូវបានបែកការដល់អភិ បាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថែម ទាំងបញ្ជាឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះ ដោយ តាមដាន និងបង្រ្កាប ប៉ុន្តែខណៈសមត្ថកិច្ច សុទ្ធតែធ្លាប់ពាក់ព័ន្ធ និងការទទួលលាភ សក្ការៈពីឈ្មួញឈ្មោះ សីុ ស ធ្លាប់យកលុយ ជាក្បាលឡាន ជាចំនួនម៉ែត្រគូប និងប្រចាំ ខែ ពួកគេក៏ព្យាយាមបង្ខំចិត្តភូតកុហកគណៈ បញ្ជាការឯកភាពខេត្ត ថាមិនឃើញមាន ឈើ និងឡានឈើរបស់ សីុ ស នៅក្នុង ចម្ការស្វាយនោះឡើយ ។
គួររំលឹកថា សមត្ថកិច្ចជាច្រើនបានត្រូវរ៉ូវគ្នាជាមួយឈ្មួញឈ្មោះ សីុ ស ទាំងសកម្ម ភាព សីុ ស ផ្តល់លុយឲ្យក្រុមការងារនាំ ប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅខេត្ត ពោធិ៍សាត់ក៏ដូចជាការប្រមូលទិញឈើនេះ ដើម ដើម្បីដឹកជញ្ជូនឈើទាំងនេះពីខេត្ត ពោធិ៍សាត់មកកាន់ខេត្តកំពង់ស្ពឺ ហើយដឹក បន្តពីខេត្តកំពង់ស្ពឺមកកាន់ខេត្តតាកែវដើម្បី ឆ្លងទៅប្រទេសវៀតណាមតាមច្រកបាក់ដៃ។ គេបានបញ្ជាក់ថា រាល់សកម្មភាពដឹកឈើ របស់ឈ្មួញឈ្មោះ សីុ ស គឺមានការសម្រប សម្រួលរត់ការផ្លូវចេញពីខេត្តពោធិ៍សាត់ មកដល់ខេត្តកំពង់ស្ពឺ ដោយឈ្មោះ ស្នា ហើយរាល់ការដឹកចេញឈើពីខេត្តកំពង់ស្ពឺ មកដល់ខេត្តតាកែវ គឺមានស្រ្តីជើងខ្លាំងម្នាក់ ឈ្មោះ ពៅ ។
ដោយឡែកការសម្រប សម្រួលរត់ការផ្លូវចេញពីខេត្តតាកែវឆ្ពោះ ទៅខេត្តវៀតណាម គឺមានឈ្មោះ មីុ ជាអ្នក ចាត់ចែង ក្នុងនោះក៏មានឈ្មោះលោកស្នង ការរងដែលត្រូវជាបងបង្កើតរបស់លោក អភិបាលនៃគណៈអភិបាលខេត្តតាកែវក៏ លូតដៃចូលយ៉ាងជ្រៅជាមួយកិច្ចការបទ ល្មើសដឹកជញ្ជូនឈើម្រិញល្មើសច្បាប់ ។
ខេត្តតាកែវជាទីតាំងឈើឆ្លងកាត់ បន្ត ទៅវៀតណាមដូចគ្នា និងច្រកតន់ហន់ ខេត្តកំពតនោះផងដែរ ហើយក៏ជាតំបន់ ដែលជាឈ្មួញឈ្មោះ សីុ ស ជាជនជាតិ វៀតណាម និងជាកូនប្រសាលោក ឆេង ឡុង ប៉ាវផ្តាច់ក្នុងការនាំឈើល្មើសនេះ ខណៈឈ្មោះ សីុ ស មានបងបង្កើតរបស់ ខ្លួនជាថៅកែឈើដ៏ធំនៅប្រទេសវៀតណាម ទិញច្បាប់ពន្ធគយដើម្បីចាំប្រមូលទិញពី ឈើល្មើសច្បាប់ពីស្រុកខែ្មរ ។
តំបន់ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ បទ ល្មើសព្រៃឈើកើតមានពេញបន្ទុក ក្នុងនោះ មានសមត្ថកិច្ចជាច្រើនស្ថាប័នតែងស្រក ទឹកមាត់ចាំទទួលយកផលពីឈ្មួញឈើ ល្មើសច្បាប់ ដូច្នេះបើឈ្មួញឈើមុខដដែលៗ ហើយសមត្ថកិច្ចយកលុយពីឈ្មួញឈើមុខ ដដែលៗចម្ងល់បានសួរថា តើការបង្រ្កាប បទល្មើសព្រៃឈើមានប្រសិទ្ធិភាពទេ? បញ្ហាទាំងអស់នេះ ទាំងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធអាចនឹងដឹងដោយខ្លួន ឯងយ៉ាងពិតប្រាកដពីបទល្មើសដឹកជញ្ជូន ឈើមិនចុះថយ ហើយសមត្ថកិច្ចណាខ្លះ កំពុងពាក់ព័ន្ធនឹងបទល្មើសនេះ ៕ ចិត្រា