ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងមានការងារធ្វើបន្ថែម ក្រៅពីមុខរបរកសិកម្ម បើតាមទូរលេខរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត គិតមកដល់ខែមេសា ឆ្នាំ២០១៧ កូនចៅប្រជាពលរដ្ឋដែលមានការងារធ្វើប្រមាណជិត៦ម៉ឺននាក់ហេីយ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង កាលពីសង្គមចាស់ ពួកគាត់ប្រកបរបរធ្វើតែស្រែ និងឡើងត្នោត ធ្វើស្ករត្នោត ព្រមទាំងដាំដំណាំផ្សេងៗបន្តិចបន្តួច គ្រាន់បានដោះស្រាយជីវភាពគ្រួសារ បើចង់ទៅរកការងារធ្វើទាល់ចំណាកទៅភ្នំពេញ ឬទៅប្រទេសជិតខាងទើបមានការងារធ្វើបាន ហើយធ្វើស្រែឆ្នាំខ្លះបានផលហូបគ្រប់គ្រាន់ ឆ្នាំខ្លះមិនបានផលហូបគ្រប់គ្រាន់នោះទេ ។
ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ រហូតដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍន៍ជាជំហ៊ានៗ ធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរីកចំរើនលើគ្របវិស័យ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានចំហរជើងមេឃដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក ក្រៅស្រុក មកដាក់ទុនរកស៊ីបានច្រើន និងផ្ដល់ការងារជូនកូនចៅប្រជាពលរដ្ឋមានការងារធ្វើនៅទូទាំងប្រទេសរាប់លាន់នាក់ និយាយជារួមដោយឡែកនៅខេត្តស្វាយរៀង ក៏មិនចាញ់ខេត្តដទៃដែរ កូនចៅប្រជាពលរដ្ឋមានការងារធ្វើអាចជួយសំរួលជីវភាពគ្រួសារមានជីវភាពធូរធាស្ទើរតែគ្រប់ក្រុមគ្រួសារ។
លោក ហាក់ ប៊ុនធី ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ទូទាំងខេត្តស្វាយរៀងមានផ្នែកវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងដេរស្បែកជើងចំនួន៣០កន្លែង ផ្នែកផលិតកម្មផ្សេងៗចំនួន២៩កន្លែង ផ្នែកកាស៊ីណូ និងសណ្ឋាគារ២៣កន្លែង ផ្នែកសន្តិសុខឯកជន៥ក្រុមហ៊ុន ផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ២២កន្លែង ផ្នែកសេវាកម្មផ្សេងៗ១២កន្លែង សរុបទាំងអស់១២១កន្លែង អាចផ្ដល់ការងារជូនកម្មករ និយោជិតបានចំនួន៥៦១៧៨នាក់ ស្រី៣២.២២០នាក់ ក្នុងនោះមិនរាប់កម្មករ និយោជិកជាជនបរទេស ដែលមកធ្វើការនៅក្នុងរោងចក្រសហគ្រាស និងសេវាកម្មផ្សេងៗ ក្នុងខេត្តស្វាយរៀងផង ។
នេះគឺត្រឹមខែមេសា ឆ្នាំ២០១៧ លោកប្រធានបានអះអាងថា កម្មករ និយោជិក កើនឡើងជារៀងរាល់ឆ្នាំ២០ភាគរយទៅមុខបន្ថែមទៀត ៕ យឹម សុថាន