អាជីវកម្មបូមខ្សាច់ខុសច្បាប់ក្នុងខេត្តពោធិ៍សាត់កំពុងតែធ្វើឲ្យពលរដ្ឋរិះគន់ពេញ បន្ទុកព្រោះអីមានពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ផងដែរ ។ ជាក់ស្តែងអ្នកមើលការខុសត្រូវការដ្ឋានបូមខ្សាច់នៅចំណុចខាងក្រោមទំនប់ដំណាក់អំពិលបាន និយាយថា ក្រុមហ៊ុនរបស់ខ្លួនស៊ីឈ្នួលបូមខ្សាច់ឲ្យគេដោយក្នុងមួយប៉ែលអាអិុចឬ១ម៉ែត្រគូបបង់លុយឲ្យខាងខេត្ត១ដុល្លារអាមេរិកឬ៤.០០០រៀល ហើយពេលលក់ខ្សាច់ ក្នុងមួយម៉ែត្រគូបមានតម្លៃ៨.០០០រៀល ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់បានឲ្យដឹងថា រមណីយដ្ឋាន កោះថាស និងសំណង់ធារាសាស្រ្តទំនប់ដំណាក់អំពិលដែលធ្លាប់តែមានមនុស្សទៅលេងយ៉ាងកុះករនាពេលកន្លងមកនោះសព្វថ្ងៃត្រូវបានបំផ្លាញដោយសារតែអាជីវ កម្មបូមខ្សាច់។ ប្រភពបានឲ្យដឹងទៀតថា តំបន់រមណីយដ្ឋានទាំង២កន្លែងនោះក្លាយទៅជាទីតាំងបូមខ្សាច់អស់ហើយដោយគេយកគ្រឿងចក្រនិងម៉ាស៊ីនទៅបូមខ្សាច់យ៉ាង មហន្តរាយនិងមានការជីកផ្តាច់កោះថាសទៀតផង។ បញ្ហានេះបានធ្វើឲ្យតំបន់រមណីយដ្ឋានកោះថាស និងទំនប់ទ្វារទឹកដំណាក់អំពិលក្លាយទៅជាទីកន្លែងស្ងាត់ជ្រងំគ្មាន មនុស្សទៅកម្សាន្តច្រើនដូចពីមុនទៀតឡើយ៕