ក្រោយការវាយប្រហារដោយអាវុធគីមី សម្លាប់មនុស្សជិត១០០នាក់នៅស៊ីរីមក រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំបានបើកការវាយប្រហារទៅលើទីតាំងនានារបស់ កម្លាំងទាហានស៊ីរីក្នុងនោះក៏មានអាកាសយានដ្ឋានយោធាផងដែរ។ សកម្មភាព របស់លោកត្រាំ ពេលនេះគឺមិនចង់ឃើញ លោក អាល់អាសាដ ដឹកនាំស៊ីរីទៀត ឡើយ។
កាលពីយប់ថ្ងៃទី ៦ខែមេសា អាមេរិកបានវាយប្រហារដោយមីស៊ីលទៅលើ ប្រទេសស៊ីរី ជាសញ្ញ្ញាមួយបង្ហាញយ៉ាង ច្បាស់ថា រដ្ឋាភិបាលលោកអាល់ អាសាដ មិនអាចឈរជើង បានយូរទៀតឡើយនៅក្នុងប្រទេសស៊ីរី។
ការវាយប្រហាររបស់អាមេរិក ក៏បាន ផ្តល់ដំណឹងជាមុនដល់ភាគីរុស្ស៊ីផងដែរ ហើយ រុស្ស៊ីក៏មិនទាន់មានប្រតិកម្មអ្វីនោះដែរ។ ការនៅស្ងៀមរបស់រុស្ស៊ី មានន័យថា រុស្ស៊ី ក៏អាចគាំទ្រដល់ការវាយប្រហាររបស់អាមេរិកនោះដែរ ដើម្បីជាការដោះដូរយកទំនាក់ទំនងល្អប្រសើរជាមួយអាមេរិកនិងលោកខាងលិច។
សង្គ្រាមនៅស៊ីរី បានអូសបន្លាយពេលអស់រយៈពេលជាង៦ឆ្នាំកន្លះហើយ តែ ដំណោះស្រាយនៅតែគ្មាន សហគមន៍ អន្តរជាតិនៅតែប្រទាញប្រទង់គ្នានឹងវត្ត មានលោកអាសាដ។ នៅថ្ងៃចន្ទមុននេះ ប្រមុខការទូតសហភាពអឺរ៉ុប បានរំលឹកអំពីជំហរនយោបាយរបស់ខ្លួនថា សម្រាប់អឺរ៉ុប លោក បាសាអាល់ អាសាដ ប្រធានាធិបតី ស៊ីរី មិនអាចបន្តមានអំណាចក្នុងរដ្ឋាភិបាលអន្តរកាលទេ ដែលជាជំហរផ្ទុយស្រឡះ ពីសហរដ្ឋអាមេរិក និងជាពិសេសពីបារាំង ប្រទេសជាសមាជិកសហភាពអុឺរ៉ុប។
មិនអាចទៅរួចទេ ដែលស៊ីរីនាពេល អនាគតត្រូវនៅដដែលដូចកាល៦ឆ្នាំកន្លះមុននេះ (មុនសង្គ្រាម) ។ អ្នកមានសិទ្ធិ សម្រេចជ្រើសរើសមេដឹកនាំ គឺពលរដ្ឋស៊ីរី តែសម្រាប់ក្រសែភ្នែកអឺរ៉ុប លោក បាសា អាល់ អាសាដ មិនអាចបន្តកាន់អំណាច នៅពេលមានអន្តរកាលនយោបាយ ឡើយ។ នេះជាប្រសាសន៍របស់លោកស្រីប្រមុខការទូតសហភាពអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ក៏យល់ ដូចគ្នា ថាពលរដ្ឋស៊ីរីជាអ្នកជ្រើសរើសប្រធានាធិបតី និងរដ្ឋាភិបាលរបស់គេ ហើយការដោះស្រាយវិបត្តិដោយយកបញ្ហាលោក អាសាដមកដាក់មុខ នឹងធ្វើឱ្យជាប់គាំង មែន ប៉ុន្តែអឺរ៉ុបគ្មានជំហរ រក្សាទុកជនផ្តាច់ ការ ប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងតំបន់ ហើយបានរួចទោសព្រោះបានប្រយុទ្ធប្រឆាំងនឹងពួកអង្គការភេរវកម្មរដ្ឋអ៊ិស្លាមនោះទេ។ ក្នុង ឱកាសប្រជុំប្រចាំខែកាលពីថ្ងៃចន្ទមុននេះ ក្រៅអំពីបានអំពាវនាវឱ្យរុស្ស៊ី ទួរគី និង អុីរ៉ង់ គោរពពាក្យសន្យាត្រួតពិនិត្យបទឈប់បាញ់ សហភាពអឺរ៉ុបទាំង២៨បានអនុម័តថាស៊ីរីនឹងគ្មានសន្តិភាពជានិរន្តរ៍ទេបើសិ្ថតក្រោមរបបចាស់ដដែលនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី