ដូណាល់ ត្រាំ៖ ខ្ញុំឯកភាព​១០០ភាគរយជាមួយលោក ស៊ី ជីនពីង

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា មានភាពរីកចម្រើននៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ហើយសង្ឃឹមថា ប្រទេសទាំង២នឹងឆ្លងផុតនូវវិវាទទាំងឡាយ។ ការប្រកាសរបស់លោក ត្រាំ គឺផ្ទុយស្រឡះពីការប្រកាសប្រឆាំងចិននាពេលកន្លងមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា ចំពោះការវាយប្រហាររបស់អាមេរិកទៅលើទីតាំងយោធានៅស៊ីរី អាចធ្វើឲ្យរាំងស្ទះដល់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន។ ប៉ុន្តែនៅពេលមេដឹកនាំទាំង២ឈានជើងចូលកិច្ចពិភាក្សានៅថ្ងៃទី៧ ខែមេសា គឺមានភាពខុសប្លែកគ្នា ទាំងវិស័យពាណិជ្ជកម្ម រហូតដល់បញ្ហាកូរ៉េខាងជើង គឺផ្ទុយពីអ្វីដែលមនុស្សជាច្រើនបានលើកឡើង។

បើទោះបីពីមុនមានការប្រកាសគំរាមកំហែងទៅលើទីក្រុងប៉េកាំង ប៉ុន្តែនៅពេលជួបពិភាក្សាគ្នាកាលពីថ្ងៃទី៧ ខែមេសា មេដឹកនាំទាំង២ បានបង្ហាញភាពស្និទ្ធស្នាល និងប្រើប្រាស់សម្តីទន់ភ្លន់មិនដូចពេលមុនឡើយ។

នៅក្នុងជំនួបពិភាក្សាលោក ស៊ី ជីនពីង បានបញ្ជាក់ថា «យើងមានការយល់បានជ្រៅនិងទូលាយក្នុងការកសាងទំនុកចិត្ត គឺជាមិត្ត និងមានទំនាក់ទំនងល្អ។ ខ្ញុំជឿជាក់ថាយើង នឹងបន្តអភិវឌ្ឍស្ថិរភាព និងទំនាក់ទំនងមិត្តភាពកាន់តែប្រសើរឡើង ដើម្បីសន្តិភាពពិភពលោក»។

ចំណែកលោក ត្រាំ វិញក៏បានបញ្ជាក់ថា«ខ្ញុំឯកភាព១០០ភាគរយ ចំពោះលោក ស៊ី ជីនពីង» ការប្រកាសរបស់មេដឹកនាំទាំង២នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតទូរទស្សន៍ BBC ចេញផ្សាយនៅ ថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា លោកប្រធានាធិបតី អាមេរិកបានទទួលយកសំណើ របស់លោកប្រធានាធិបតី ចិន សុី ជីនពីង រួចហើយក្នុងការបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិននាពេលខាងមុខ។

គួរបញ្ជាក់ឲ្យដឹងដែរលោក ដូណាល់ ត្រាំ កំពុងធ្វើជាម្ចាស់ផ្ទះក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ជំនួបរវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំង២រយៈពេល ២ថ្ងៃរបស់លោក សុី ជីនពីង មកកាន់សហរដ្ឋអាមេរិក។

ដោយឡែកលោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ដែលបានបង្ហើបប្រាប់ពីទស្សនកិច្ចផ្លូវការរបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិននោះគឺ នឹងត្រូវបញ្ជាក់ប្រាប់ពីកាលកំណត់នាពេលក្រោយ៕

trump-jinpin (2) trump-jinpin (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print