ភ្នំពេញ៖ ក្មេងប្រុសអាយុ១៥ឆ្មាំ មិនទាន់ជ្រុះពន្លៃក្បាល ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋព្រែកប្រា ឃាត់ខ្លួនពាក់ព័ន្ធនឹងការរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ កាលពីវេលាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ ” ដាលីន ” ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះ លឹម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
មន្ត្រីនគរបាលប៉ុស្តិ៍ បានអោយដឹងថា ជនសង្ស័យ និងនារីជាជនរងគ្រោះ ត្រូវជាសង្សារនឹងគ្នា ចំណែកយុវជនសង្ស័យត្រូវឪពុកម្តាយខាងស្រីស្គាល់មុខច្បាស់ណាស់ ។ ដោយឥទ្ធិពលនៃក្តីស្រលាញ់ពេញក្នុងបេះដូង ពួកគេទាំង២នាក់ បាននាំគ្នារត់ចេញពីផ្ទះជាង១ខែ តាំងពីថ្ងៃទី២៨ ខែកុម្ភះ ទៅជួលផ្ទះសំណាក់ យីហោ ” ដាលីន ” ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ដើម្បីរួមរស់ជាមួយគ្នា ។
ក្រោយពីបាត់កូនស្រីជាង១ខែ ម្តាយឪពុកបានដាក់ពាក់បណ្តឹងនៅនគរបាលប៉ុស្តិ៍ព្រែកប្រា និងស្វែងរកមុខយុវជនដែលជាសង្សាររបស់កូនស្រី ស្រាប់តែនៅវេលាម៉ោង៤រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ឪពុកក្មេងស្រីរងគ្រោះបានឃើញមុខជនសង្ស័យដើរលើផ្លូវបេតុងសំដៅទៅផ្ទះសំណាក់ ភ្លាមនោះឪពុកក្មេងស្រីរងគ្រោះបានប្តឹងនគរបាលប៉ុស្តិ៍ចុះទៅឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ ទាំង២នាក់យកមកកាន់ប៉ុស្តិ៍ព្រែកប្រាដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស