ខេត្តសៀមរាប៖ ផ្ទះធ្វើពីឈើលើថ្មក្រោមមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ដោយសារអគ្គីភ័យឆាបឆេះ ខណៈដែលម្ចាស់ផ្ទះអុជធូបនៅថ្ងៃសីលហើយចុះទៅអង្គុយនៅផ្ទះបាយដោយមិនបានប្រុងប្រយ័ត្ន ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី២២ខែសីហាឆ្នាំ២០១៥ក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះគាត់បានអុជធូបបន់ស្រន់នៅលើផ្ទះព្រោះជាថ្ងៃសីលហើយក៏ចុះមកក្រោមផ្ទះរួចដើរទៅផ្ទះបាយដើម្បីធ្វើម្ហូប។សាក្សីបន្តថា គាត់បានឃើញផ្សែងហុយចេញពីលើផ្ទះរួចក៏ផ្អើលឆោឡោ ដើម្បីហៅឡានទឹកដែរ តែត្រូវបានភ្លើងឆាបឆេះអស់ក្លាយជាផេះផង ដោយរថយន្តអគ្គីភ័យមកជួយពន្លត់មិនទាន់ ។
លោកអនុសេនីយ៍ទោស៊ូវ៉ាន់ដេតនាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឲ្យដឹងថា ហេតុការនេះកើតឡើងដោយសារភ្លើងធូបដែលម្ចាស់ផ្ទះអុជហើយចុះមកផ្ទះបាយមិនបានប្រយ័ត្នក៏ឆាបឆេះតែម្តង ។
លោកបន្តថាម្ចាស់ផ្ទះមានឈ្មោះនឹមសឿមភេទប្រុសអាយុ៥៥ឆ្នាំមុខរបរធ្វើស្រែ។ ទ្រព្យសម្បត្តិដែលខូចខាតរួមមានផ្ទះធ្វើពីឈើលើថ្មក្រោមមួយខ្នងទំហំ៦×៧,លុយចំនួន១មឺុនដុល្លារ ,លុយខ្មែរ៤លានរៀល,មាស២ដំឡឹង,ប្លង់ដី១០ច្បាប់,និងសម្ភារៈមួយចំនួនទៀត ។
លោកបន្ថែមទៀតថា នៅក្នុងហេតុការនោះដែរមិនមាននរណាម្នាក់រងរបួសនោះទេ ក៏មិនមានឆាបឆេះរាលដាលទៅផ្ទះអ្នកជិតខាងនោះដែរ ហើយនៅក្នុងហេតុការណ៍នេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់នគបាលខេត្តសៀមរាបចំនួន២គ្រឿង ៕
ដោយ៖ ជានិរន្ដរ៍