ខេត្តបន្ទាយមានជ័យ៖ យុវជន៣នាក់ស្លាប់នៅនឹងកន្លែង និងខ្លះទៀតស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅក្នុងករណីម៉ូតូបុកនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំពីឃុំព្រះនេត្រព្រះ ឡើងភ្នំព្រះនេត្រព្រះប្រហែល៣០០ម៉ែត្រ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍នគរបាលស្រុកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើងឡើងនៅគ្រាដែលអ្នកបើកបរម៉ូតូធ្វើដំណើរបញ្ច្រាសទិសគ្នា។ នៅមុនកើតហេតុគេបានឃើញម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ1N-7347 បើកបរដោយឈ្មោះឡាំ អាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីជើងទៅត្បូង(ស្លាប់នៅក្នុងមន្ទីរពេទ្យ)។ លុះមកដល់ចំណុចកើតហេតុមានម៉ូតូ១គ្រៀងទៀតម៉ាកMSX គ្មានស្លាកលេខបើកបរដោយឈ្មោះពេក វូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពពេល ឃុំរហាល(ស្លាប់នៅកន្លែងកើតហេតុ) ដោយមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះសោម វ៉ើ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពពេល ឃុំរហាល(ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ) បានបុកគ្នាពេញទំហឹងតែម្តង។
មន្ត្រីខាងលើបានបន្ថែមថា ក្រៅពីការស្លាប់យុវជនទាំង៣នាក់ ម៉ូតូទាំង២គ្រឿងបានរងការខូចខាតយ៉ាងដំណំហើយត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីវាស់វែងដើម្បីដោះស្រាយតាមច្បាប់ជាក្រោយ។ ចំណែកសាកសពជនរងគ្រោះត្រូវបានអាណាព្យាបាលបញ្ជូនទៅលំនៅដ្ឋានធ្វើបុណ្យរៀងៗខ្លួន៕ សំ វិច្ឆិកា