ភ្នំពេញ៖ នៅសប្តាហ៍ទី២ក្នុងកម្មវិធី ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦៣,៥គីឡូក្រាម កីឡាករ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យបានរងស្នៀតជើងទាត់របស់កីឡាករ ថន វាសនា មកពីក្លិបនាគរាជមានជ័យដោយសន្លប់នៅចុងទឹកទី១ រីឯកីឡាករអ៊ុំ កំសត់ មកពីក្លិបព្រៃ ទទឹង ខេត្តបាត់ដំបង ក៏អស់ឱកាសប្រកួត វគ្គបន្ត ព្រោះវាយចាញ់កីឡាករ ចេង គា មក ពីសាលវ័ន្តកីឡាដោយពិន្ទុ កាលពីរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០១៧។ ដូច្នេះកីឡាករ ថន វាសនា និង ចេង គា ពួកគេទាំងពីរនាក់ នេះបានឡើងទៅរង់ចាំនៅជុំទី២វគ្គ១៦នាក់ បន្ទាប់ពីប្រកួតឈ្នះដៃគូរបស់ខ្លួនដូចគ្នា ។ នៅក្នុងការប្រកួតជម្រុះដំណាក់កាលទី១នេះ ចេង គា បានយកឈ្នះអ៊ុំ កំសត់ ដោយ ពិន្ទុយ៉ាងប្រផុតប្រផើយក្នុងការប្រកួតពេញបីទឹក អ៊ុំ កំសត់ ត្រូវចេង គា ប្រើកណ្តាប់ ដៃដាល់ និងវាយកែងយ៉ាងសន្ធាប់។ ចំណែកឯ អ៊ុំ កំសត់ ស្ថិតក្នុងស្ថានភាព ការពារទប់ទល់ច្រើនជាងការវាយលុក។ ប៉ុន្តែចុងក្រោយ អ៊ុំ កំសត់ គេអាចតស៊ូ ជាមួយចេង គា រហូតដល់ចប់ទឹកទី៣តែ លទ្ធផលចាញ់ ចេង គាដោយពិន្ទុ ។
ចំពោះ កីឡាករ ង៉ែត រដ្ឋា និង ថន វាសនា វិញពួកគេប្រើពេលត្រឹមតែជិត១ទឹកប៉ុណ្ណោះ ក៏បញ្ចប់ការប្រកួតតែម្តង គឺនៅទឹកទី១ ង៉ែត រដ្ឋា ដែលរំពឹងថាមានប្រៀបឈ្នះលើ ថន វាសនានោះ ត្រូវសន្លប់ក្រោមថ្វីជើង ថន វាសនា ទៅវិញ។ អ្វីទាំងនេះដោយ សារតែ ង៉ែត រដ្ឋា ធ្វេសប្រហែសត្រូវមួយ ជើងរបស់ ថន វាសនា ចំកញ្ចឹងកបណ្តាលឲ្យដួលសន្លប់នៅចុងទឹកទី១ ។
គួរបញ្ជាក់ថា មកដល់ពេលនេះវគ្គជម្រុះដំណាក់ទីកាល១ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦៣,៥គីឡូក្រាមរកឃើញអ្នកប្រដាល់៤នាក់ គឺកីឡាករ កុយ ចាន់តូ មកពីក្លិប គីសែមានរិទ្ធ, មាស សុជាតិ អ្នកប្រដាល់ ក្លិបក្រុងប៉ោយប៉ែត, ចេង គា អ្នកប្រដាល់ ក្លិបសាលវ័ន្តកីឡា និង ថន វាសនា អ្នក ប្រដាល់ក្លិបនាគរាជមានជ័យ។
ដោយឡែកការប្រកួតក្រៅពីគូជម្រុះនេះ ឡាញ់ ផល្លា អ្នកប្រដាល់ក្លិបអេភូថងកីឡាបានប្រកួតចាញ់ តាំង សីហា អ្នក ប្រដាល់ក្លិបកងពលតូចលេខ៧០ដោយ ពិន្ទុ ។ ចំណែក សេង កំសត់ អ្នកប្រដាល់ ក្លិបគីសែមានរិទ្ធវាយចាញ់ជឹម សារ៉ាត់ អ្នកប្រដាល់ជើងចាស់មកពីក្លិបតាព្រហ្ម មានជ័យដោយពិន្ទុដែរ៕ សារីម