ខេត្តសៀមរាប៖ ចំពោះការប្រកួតអុកចត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០១៧ដែលទើប បញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅនៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានអ្នកចូលរួមប្រកួតផ្តាច់ព្រ័ត្រចំនួន៦នាក់នោះ ទីបំផុត លោក ហេង សៅឌី បានគ្រង តំណែងជើងឯកក្រោយយកឈ្នះលើ លោក ប៊ិន គាសេង ត្រឹមមួយក្តារប៉ុណ្ណោះ។
លោកហេង សៅឌី បានបើកទំព័រប្រវត្តិសាស្ត្រ្រថ្មីសម្រាប់ការវិវត្តនៃល្បែងកីឡា អុកចត្រង្គខ្មែរក្រោយពីលោកឈាវ បូរ៉ា និងលោកឆយ វីរ៉ា ចែកគ្នាគ្រងតំណែងនេះអស់រយៈពេល៤ឆ្នាំកន្លងមក ។ ទំព័រសករាជថ្មីនៃអ្នកលេងអុកចត្រង្គខ្មែរឆ្នាំ២០១៧ បានឈានដល់ដំណាក់កាលអភិវឌ្ឍន៍និងធ្វើសមាហរណកម្មចូលក្នុងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យស្គាល់និងចេះលេងអុកដែលជាប្រភេទកីឡាប្រពៃណីខ្មែរ ខណៈកម្ពុជារំពឹងទុកថា កីឡាប្រភេទ នេះនឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ខាងមុខនេះ ។
គួរបញ្ជាក់ថា លោក ហេង សៅឌី ធ្វើបាន សម្រេចក្រោយពីលោកតស៊ូអស់រយៈ ពេល២ឆ្នាំកន្លងទៅ ។ ដោយឡែកប្រាក់ រង្វាន់ដែលលោក ហេង សៅឌី ទទួលបានបន្ទាប់ពីឈ្នះជើងឯកពានរង្វាន់ស្តេច អុកចត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០១៧នេះគណៈកម្មាធិការជាតិអូឡាំពិកឧបត្ថម្ភថវិកាចំនួន១២លានរៀល និងសម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន២០លានរៀល ។
លោក ប៊ិន គាសេង ទទួលបានតំណែង លេខ២លោក ឆយ វីរ៉ា ទទួលបានជ័យ លាភីលេខ៣ និងលោក ឈាវ បូរ៉ាអតីតស្តេចអុក២ឆ្នាំជាប់គ្នាទទួលបានចំណាត់ថ្នាក់លេខ៤ ។
ដូច្នេះលោកប៊ិន គាសេង ទទួលបាន ពានជើងឯករងអមជាមួយថវិកាចំនួន៨លានរៀលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថវិកាចំនួន១២លានរៀលពី សម្ដេចតេជោ ហ៊ុន សែន។ លោក ឆយ វីរ៉ា ទទួលបានទឹកប្រាក់ចំនួន៤លានរៀលពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ៨លានរៀលពីសម្ដេចតេជោ ហ៊ុន សែន ។
លោកឈាវ បូរ៉ា ទទួលបានទឹកប្រាក់៣លានរៀលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង៤លានរៀលពីសម្ដេចតេជោ ហ៊ុន សែន។ ដោយឡែក លោក រស់ រិទ្ធីយ៉ា,លឹម ផល្លា, ម៉ី កែវនិម្មិត និងលោក កាំង ហេង ដែលទទួលបានចំណាត់ថ្នាក់ចាប់ពីលេខ៥ដល់លេខ៨នោះ ក៏ទទួល បានថវិកាចំនួន២លានរៀលពីសម្ដេចតេជោ ហ៊ុន សែនផងដែរ ៕ សារីម