ក្លិបយក្សរបស់ចិន Guangzhou Evergrande បានថ្កោលទោសដល់កីឡាករខ្សែ បម្រើសញ្ជាតិប្រេស៊ីល Paulinho ចំពោះ រឿងអាស្រូវមួយដែលកីឡាករនេះបានថតផ្សាយពាណិជ្ជកម្មជាមួយនឹងតារាសិចជប៉ុន Tsukasa Aoiឲ្យក្រុមហ៊ុនភ្នាល់បាល់មួយ។
កីឡាករPaulinhoអតីតខ្សែបម្រើរបស់ក្លិបមាន់ខ្នាយមាស Tottenham មិនបាន ប្រាប់ដល់ក្លិប Guangzhou Evergrandeជាមុនពេលថតផ្សាយពាណិជ្ជកម្មហើយកំពុង តែស្ថិតក្រោមការស៊ើបអង្កេតរបស់ក្លិប។
គួរបញ្ជាក់ថា ការភ្នាល់បាល់ និងរឿង សិចគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសចិន។ នៅពេលជាមួយគ្នានោះកីឡាករវ័យ២៨ឆ្នាំ Paulinho បានបញ្ជាក់ថា គាត់មិន បានដឹងថាមានវត្តមានរបស់តារាសិច ជប៉ុននៅក្នុងពេលថតឡើយ ហើយគាត់ក៏បានបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនភ្នាល់បាល់នោះហើយ។
ក្លិប Guangzhou Evergrande ក៏បាន ចេញសេចក្តីថ្លែងការណ៍មួយថា “យើងបាន ធ្វើការស៊ើបអង្កេតភ្លាមៗក្រោយពីបានឃើញការផ្សាយពាណិជ្ជកម្មនៅលើសារព័ត៌មាន។ ការស៊ើបសួរដំបូងយើងបានរក ឃើញថា Paulinho បានយល់ព្រមថត ផ្សាយ ពាណីជ្ជកម្មជាមួយនឹងក្រុមហ៊ុនភ្នាល់បាល់ ដោយមិនបានប្រាប់ក្លិបឲ្យដឹងមុន” ។
គួររំលឹកថា Paulinho មិនអាចមាន ឱកាសជាប់ជម្រើសដំបូងនៅក្នុងក្លិបមាន់ខ្នាយមាសហើយក៏សម្រេចចិត្តផ្លាស់មកកាន់ប្រទេសចិនកាលពីឆ្នាំ២០១៥។ គាត់រកបាន១៩គ្រាប់ក្នុងចំណោម៧៥ប្រកួតឲ្យ ក្រុម Guangzhou Evergrande ប៉ុន្តែអនាគត របស់គេនៅក្នុងក្លិបនេះហាក់បីដូចជាមានភាពមិនប្រាកដប្រជាឡើយក្រោយមាន រឿងអាស្រូវនេះ ៕ ដេវីត