ភ្នំពេញ៖ បុរសម្នាក់ បន្ទាប់ពីបានលែងលះគ្នាជាមួយប្រពន្ធអស់ រយៈពេលជាង៧ខែមកហើយក្រោយមកដោយទំនងជាស្តាយក្រោយបានមកអង្វរប្រពន្ធ៣ដងដើម្បីសុំរួមរស់ជាមួយគ្នាដូចដើមវិញ ប៉ុន្តែប្រពន្ធមិនព្រម ទើបធ្វើឲ្យបុរសនោះខឹងសម្បាយ៉ាងខ្លាំងបានស្ទុះទៅបោកសម្ភារៈប្រើប្រាស់ក្នុងផ្ទះខូចខាតអស់ជាច្រើន ហើយប្រពន្ធទ្រាំលែងបានក៏ទៅប្តឹងនគរបាលឲ្យឃាត់ខ្លួនទៅនគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្រី្តនគរបាលប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា បុរសជាប្តីឈ្មោះ ឆេង លីម អាយុ៣៣ឆ្នាំមានមុខរបររត់ម៉ូតូរ៉ឺម៉ក និងប្រពន្ធមានឈ្មោះ ភឹម សុខវិសាល អាយុ២៨ឆ្នាំមានមុខរបរលក់ដូរនៅផ្ទះជួលភូមិ-សង្កាត់កើតហេតុខាងលើ ។
មន្រី្តនគរបាលដដែលបានបន្តថា មុនពេលកើតហេតុបុរសជាប្តី បានមកអង្វរប្រពន្ធ ដើម្បីសុំជួបជុំគ្នាវិញ បន្ទាប់ពីបានលែងគ្នា អស់រយៈពេល ៧ខែរួចមកនោះ។ ការមកអង្វរកប្រពន្ធនេះ ប្រពន្ធមិនព្រមទេទោះបុរសជាប្តីធ្វើយ៉ាងណាក៏ដោយប្រពន្ធមិនព្រមដាច់ខាត ហើយទង្វើនេះ ធ្វើឲ្យបុរស ជាប្តីខឹងយ៉ាងខ្លាំងរួចក៏ស្ទុះទៅទាញសម្ភារៈក្នុងផ្ទះដូចជាកុំព្យូទ័រ ទូរទស្សន៍ ចានឆ្នាំងយកមកបោកកម្ទេចចោលខូចខាតស្ទើរទាំងស្រុង ។ បន្ទាប់ពីឃើញ ប្តីបំផ្លាញទ្រព្យក្នុងផ្ទះ ទើបស្រ្តីជាប្រពន្ធទ្រាំមិនបានក៏ទៅ ប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅឃាត់ខ្លួន ប៉ុន្តែពេលកម្លាំងនគរបាល ចុះទៅដល់បុរសជាប្តី មិនព្រមធ្វើតាមការណែនាំ របស់នគរបាលនោះទេ ។
បន្ទាប់មកសមត្ថកិច្ចក៏នាំយកមកសាកសួរ និងសម្របសម្រួលឲ្យត្រូវគ្នាឡើងវិញប៉ុន្តែស្ត្រីជាប្រពន្ធ នៅតែមិនព្រមជានាទេ ទើបនគរបាលឲ្យទៅជួបចៅសង្កាត់ ដើម្បីជួយដោះស្រាយជូនវិញព្រោះរឿងលែងលះប្តី្តប្រពន្ធជាបន្ទុករបស់អាជ្ញាធរសង្កាត់ ៕
ដោយ៖ ប្រាថ្នា