ខេត្តកំពង់ស្ពឺ៖ នគរបាលព្រហ្មទណ្ឌនៃស្នងការខេត្តកំពង់ស្ពឺបានសហការជាមួយនិងនគរបាលស្រុកសំរោងទង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនមុខសញ្ញាលួយម៉ូតូប្រជាពលរដ្ឋចំនួន៥នាក់ និងកំពុងបន្តតាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀត។ ករណីឃាត់ខ្លួនក្រុមចោរញីឈ្មោលលួចម៉ូតូរបស់ប្រជាពលរដ្ឋនេះ សមត្ថកិច្ចបានធ្វើឡើងចាប់តាំងពីថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០១៧ នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យលួចម៉ូតូប្រជាពលរដ្ឋដ៏សកម្ម ហើយត្រូវបានចាប់ខ្លួននាពេលនេះទី១ឈ្មោះឌុច រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះហោ ធូក ភេទប្រុស អាយុ៤១ឆ្នាំ ទី៣ឈ្មោះពេជ្រ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ (មុខសញ្ញាទើបចេញពីពន្ធនាគារ) ទី៤ឈ្មោះប៉ែន ណុប ភេទប្រុស អាយុ២៩ឆ្នាំ (មុខសញ្ញាទើបចេញពីពន្ធនាគារ) និងទី៥ឈ្មោះញ៉ឹក ស្រីណាក់ ភេទស្រី អាយុ១៩ឆ្នាំ ជាប្រពន្ធជនសង្ស័យឈ្មោះហោ ធូក។ ជនសង្ស័យទាំង៥នាក់នេះ បច្ចុប្បន្នមានទីលំនៅភូមិ-ឃុំចំណុចចាប់ខ្លួនខាងលើ។
មន្ត្រីដដែលបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថា ពួកគេធ្លាប់លួចម៉ូតូនៅក្នុងខេត្តកំពង់ស្ពឺចំនួន១១លើក នៅខេត្តកណ្តាល៤លើក និងខេត្តកំពង់ចាម៣លើក។
មន្ត្រីដដែលបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ថា ជនសង្ស័យទាំង៥នាក់នេះសមត្ថកិច្ចនៅបន្តការសាកសួរយកចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀត៕ សេនា ស័ក្ដិ