ខេត្តត្បូងឃ្មុំ ៖ រថយន្តបាឡែន១គ្រឿងត្រូវបានភ្លើងឆេះសល់តែដែកទាំងកណ្ដាលអធ្រាត្រ ប៉ុន្តែមិនមានមនុស្សរងរបួសឡើយ។
ហេតុការណ៍ឆេះរថយន្តនេះ បានកើតឡើងនៅវេលាម៉ោង១២៖៣០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អធិការរងទទួលផែនសណ្តាប់ធ្នាប់ លោក ថាញ់ សុខវ៉ាត បានឲ្យដឹងថា រថយន្តរងការឆេះខាងលើម៉ាក តូយូតា កាមរី ហៅបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-1089 ដែលបើកបរតាមបណ្ដោយផ្លូវជាតិលេខ៧ ពីទិសខាងលិចទៅខាងកើត។ ខណៈបើកមកដល់ចំណុចកើតហេតុ រថយន្តក៏ឆាបឆេះជាអណ្ដាតភ្លើង ហើយអ្នកបើកបរបានទុករថយន្តចោលរត់គេចខ្លួនបាត់តែម្ដង។
រហូតមកទល់នឹងព្រឹកនេះ អត្តសញ្ញាណ និងអាសយដ្ឋានរបស់អ្នកបើកបរ សមត្ថកិច្ចនៅមិនទាន់ស្គាល់នៅឡើយទេ។ រីសាកសពរថយន្ត ត្រូវសមត្ថកិច្ចយកចេញពីកន្លែងកើតហេតុទៅទុកនៅស្រុកមេមត់ ខណៈមូលហេតុនៃការឆេះ ក៏មិនទាន់មានការបញ្ជាក់៕ វណ្ណះ